ចំនួនអ្នកស្លាប់ដោយសារអគ្គីភ័យនៅហុងកុងកើនឡើងដល់ ១៤៦នាក់
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន ១៨នាក់បន្ថែមទៀតនៅកន្លែងដែលមានអគ្គីភ័យធំមួយនៅទីក្រុងហុងកុង ដែលនាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ១៤៦នាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត South China Morning Post ដោយដកស្រង់សម្តីអ្នកនាំពាក្យរបស់ប៉ូលិសហុងកុង។
អគ្គីភ័យនៅអគារលំនៅដ្ឋាន វ៉ាងហ្វុកខត (Wang Fuk Court) ដែលជាការអភិវឌ្ឍអគារខ្ពស់ៗចំនួនប្រាំបី ត្រូវបានអគ្គីភ័យឆាបឆេះកាលពីថ្ងៃពុធសប្តាហ៍មុន។ អគារមួយបានរងការខូចខាតតិចតួចបំផុត ខណៈដែលអគារចំនួនប្រាំពីរផ្សេងទៀតបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយអគ្គីភ័យ។អណ្តាតភ្លើងបានរាលដាលយ៉ាងឆាប់រហ័សឆ្លងកាត់រនាំងឫស្សីដែលដំឡើងសម្រាប់ការជួសជុលឡើងវិញ។ អគារនេះមានអាផាតមិនប្រមាណជិត២.០០០បន្ទប់ ដែលមានអ្នករស់នៅប្រហែល ៤.០០០នាក់។
ហេតុការណ៍នេះ គឺជាអគ្គីភ័យអគារលំនៅដ្ឋានដ៏សាហាវបំផុតក្នុងប្រវត្តិសាស្ត្រហុងកុង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





