ក្រុមនារីប៊ុលហ្គារីឈ្នះជើងឯកពិភពលោកក្នុងវិញ្ញាសាកាយសម្ព័ន្ធជាក្រុមនៅទីក្រុងសាម៉ូកូវ
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ក្រុមនារីជម្រើសជាតិប៊ុលហ្គារីបានឈ្នះពានរង្វាន់នៅក្នុងការប្រកួតជាក្រុមនៃការប្រកួតជើងឯកកាយសម្ព័ន្ធពិភពលោក ដែលបានបញ្ចប់នៅកីឡដ្ឋាន SamElyon ក្នុងទីក្រុងសាម៉ូកូវនៅភាគនិរតីនៃប្រទេសប៊ុលហ្គារី។
កីឡាការិនី ការីណា ណេយកូវ៉ា (Karina Neykova) កីឡាការិនី ស៊ីយ៉ាណាតាបាកូវ៉ា (Siyana Tabakova) កីឡាការិនី រីសទីអាណា កូវ៉ាឆេវ៉ា(Hristiana Kovacheva) កីឡាការិនី វីកតូរីយ៉ា បឺរ៉ូវ៉ា (Viktoria Berova) កីឡាការិនី យ៉ាណា ស្តេយកូវ៉ា (Yana Staykova) កីឡាការិនី ម៉ារីយ៉ាមេឡេម៉ូវ៉ (Maria Mehlemova) និងកីឡាការិនី កាទ្រីន តាសេវ៉ា (KatrinTaseva) បានសម្តែងយ៉ាងលេចធ្លោដើម្បីដណ្តើមពានរង្វាន់ពិភពលោកលើកទីពីររបស់ពួកគេបន្ទាប់ពីការប្រកួត Graz 2022។ មេដាយមាសនេះទទួលបាន បន្ទាប់ពីពានរង្វាន់ជើងឯកអឺរ៉ុបរបស់ពួកគេកាលពីដើមឆ្នាំនេះនៅក្នុងប្រទេសហុងគ្រី។
ក្រោមការបង្វឹករបស់គ្រូបង្វឹក លោកស្រី គ្រីស្ទីណា តាស្សេវ៉ា(Kristina Tasheva) ក្រុមកាឡាការិនីនេះទទួលបានពិន្ទុសរុបចំនួន៥៨,៧០០ពិន្ទុ ដោយទទួលបាន ២៩,២៥០ពិន្ទុនៅថ្ងៃសៅរ៍ និង ២៩,៤៥០ពិន្ទុនៅថ្ងៃអាទិត្យ។
ក្លឹបអាកាដឺមីក (Akademik) ប៊ុលហ្គារី បានឈរនៅលេខរៀងទីប្រាំពីរជាមួយក្រុម JWCPE AGG របស់ជប៉ុន ដោយក្រុមទាំងពីរបានបញ្ចប់ដោយមាន ៥២,៨៥០ពិន្ទុ។
ក្រុមសរុបចំនួន ៧៧ក្រុមបានចូលរួមប្រកួតប្រជែងក្នុងប្រភេទនារី និងយុវជន នៅក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុងសាម៉ូកូវ។
ការប្រកួតជើងឯកពិភពលោកលើកក្រោយនឹងធ្វើឡើងនៅទីក្រុងអូសាការបស់ប្រទេសជប៉ុននៅឆ្នាំក្រោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





