ឥណ្ឌូណេស៊ីនឹងបិទអណ្តូងរ៉ែមាសខុសច្បាប់ប្រមាណ ១.៤០០កន្លែងនៅក្នុងឧទ្យានជាតិ
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងចាប់ផ្តើមយុទ្ធនាការទ្រង់ទ្រាយធំមួយ ដើម្បីបំផ្លាញអណ្តូងរ៉ែមាសខុសច្បាប់ប្រហែល ១.៤០០កន្លែងនៅក្នុងតំបន់ឧទ្យានជាតិភ្នំហាលីមុនសាឡាក់ ក្នុងស្រុកស៊ូកាប៊ូមី ខេត្តចាវ៉ាខាងលិច។
គ្រាន់តែនៅក្នុងខែវិច្ឆិកាតែមួយ អាជ្ញាធរមូលដ្ឋានបានបិទទីតាំងរ៉ែជិត៣០០កន្លែង។
លោក រូឌីអាន់តូ សារ៉ាគី ណាពីទូ (Rudianto Saragih Napitu)នាយកអនុវត្តច្បាប់ព្រៃឈើនៃក្រសួងព្រៃឈើឥណ្ឌូណេស៊ី បាននិយាយថា សកម្មភាពរ៉ែខុសច្បាប់ គឺមានប្រយោជន៍សម្រាប់តែអ្នកវិនិយោគប៉ុណ្ណោះ មិនមែនសម្រាប់ប្រជាជនក្នុងតំបន់ដែលធ្វើការនៅក្នុងអណ្តូងរ៉ែនោះទេ។
លោកបានបន្ថែមថា រដ្ឋាភិបាលកំពុងគាំទ្រភាពជាដៃគូវិជ្ជមាន ប៉ុន្តែមិនមែនការបំផ្លាញ និងការកេងប្រវ័ញ្ចធម្មជាតិទេ។
ការជីកយករ៉ែមាសខុសច្បាប់ គឺជារឿងធម្មតានៅក្នុងប្រទេសឥណ្ឌូណេស៊ី ដែលបណ្តាលឱ្យមានការកាប់បំផ្លាញព្រៃឈើ ការបំពុលទន្លេ និងការបាត់បង់ធនធានជាតិ។ ចំណុចក្តៅសម្រាប់ការជីកយករ៉ែមាសខុសច្បាប់ត្រូវបានប្រមូលផ្តុំនៅក្នុងតំបន់ចាំប៊ី នៅលើកោះស៊ូម៉ាត្រាខាងលិច ខេត្តកាលីម៉ាន់តាន់ខាងលិច ខេត្តស៊ូឡាវេស៊ីកណ្តាល តំបន់មួយចំនួននៅក្នុងខេត្តម៉ាលូគូ និងឧទ្យានជាតិមួយចំនួនទៀត ដូចជាឧទ្យានជាតិហាលីមុនសាឡាក់ជាដើម៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





