ឥណ្ឌូណេស៊ីពង្រីកការធានារ៉ាប់រងដល់អ្នកនេសាទ
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងផ្តល់ជូននូវការធានារ៉ាប់រងដល់អ្នកនេសាទក្រោមកម្មវិធីភូមិនេសាទក្រហម និងស (KNMP) ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងប្រតិបត្តិការនេសាទខ្នាតតូច ដែលមានចំនួន ៩០% នៃការចាប់ត្រីទូទាំងប្រទេស។
លោក ទ្រីអាន់ យូណាន់ដា (Trian Yunanda) ប្រធានក្រុមការងារអភិវឌ្ឍន៍កម្មវិធីនៅក្នុងក្រសួងកិច្ចការសមុទ្រ និងនេសាទ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា ការធានារ៉ាប់រងនេះនឹងគ្របដណ្តប់លើហានិភ័យនៃគ្រោះថ្នាក់នានានៅលើសមុទ្រ។
ក្រសួងមានគោលបំណងបង្កើតភូមិនេសាទចំនួន១០០ នៅក្នុងឆ្នាំនេះ។រហូតមកដល់ពេលនេះ ទីតាំងចំនួន៦៥ សម្រាប់ការអភិវឌ្ឍដំណាក់កាលទីមួយត្រូវបានកំណត់ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅថ្ងៃទី០២ ខែធ្នូឆ្នាំ២០២៥ ស្អែកនេះ។ សំណើថវិកាសម្រាប់ភូមិចំនួន៣៥ បន្ថែមទៀតនៅក្នុងដំណាក់កាលទីពីរត្រូវបានដាក់ជូនរដ្ឋាភិបាល។
រដ្ឋាភិបាលឥណ្ឌូណេស៊ីក៏នឹងផ្តល់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាផែផ្លូវថ្នល់ ប្រព័ន្ធបង្ហូរទឹក និងប្រព័ន្ធអគ្គិសនីផងដែរ។ នៅក្នុងឆ្នាំ២០២៧ កម្មវិធីនេះត្រូវបានកំណត់គោលដៅដើម្បីគ្របដណ្តប់លើភូមិចំនួន១.១០០។
ដោយមានការងារប្រហែល ៧០កន្លែងត្រូវបានគេរំពឹងទុកក្នុងមួយភូមិការអភិវឌ្ឍភូមិនេសាទចំនួន១០០ នៅក្នុងឆ្នាំនេះ ត្រូវបានគេព្យាករថានឹងបង្កើតការងារចំនួន ៧.០០០កន្លែង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





