ឥណ្ឌូណេស៊ីបង្កើនកិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងផ្តល់អាទិភាពដល់កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ ដោយសារយុវជនមានចំនួនប្រហែល ៦០% នៃអ្នកប្រើប្រាស់អ៊ីនធឺណិតក្នុងចំណោមប្រជាជនចំនួន២២០លាននាក់របស់ប្រទេសនេះ។
រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលឥណ្ឌូណេស៊ី លោកស្រីមើតយ៉ា ហាហ្វីដ (Meutya Hafid) បាននិយាយថា ប្រទេសនេះអាចណែនាំពួកគេឱ្យប្រើប្រាស់អ៊ីនធឺណិតឱ្យបានត្រឹមត្រូវ។
លោកស្រី ហាហ្វីដ បានគូសបញ្ជាក់ពីការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ ជាពិសេសជាមួយនឹងការកើនឡើងនៃឧក្រិដ្ឋកម្មតាមអនឡាញដែលភ្ជាប់ទៅនឹងវេទិកាឌីជីថល រួមទាំងហ្គេមអនឡាញផងដែរ។
លោកស្រីបានសង្កត់ធ្ងន់ទៅលើការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីក្នុងការធ្វើការងារជាមួយឧស្សាហកម្មហ្គេម ដើម្បីកសាងបរិយាកាសលេងហ្គេមសម្រាប់កុមារ ដោយចង្អុលបង្ហាញថា ប្រសិនបើទំនុកចិត្តពីសាធារណជនបាត់បង់ ឧស្សាហកម្មហ្គេមក៏នឹងរងផលប៉ះពាល់ផងដែរ។
លោកស្រី ហាហ្វីដ បាននិយាយថា កិច្ចសហការបែបនេះ គឺចាំបាច់ណាស់ដើម្បីតាមដាន និងកែលម្អខ្លឹមសារដែលបានបង្ហាញឡើងនៅទូទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ហ្គេម និងវេទិកាឌីជីថលផ្សេងៗទៀត។
លោកស្រីបានព្រមានថា ការខកខានមិនបានចាត់វិធានការ អាចបង្កើនការថប់បារម្ភរបស់ឪពុកម្តាយ ដែលអាចនាំឱ្យពួកគេរឹតត្បិតការចូលប្រើប្រាស់អ៊ីនធឺណិតរបស់កុមារទាំងស្រុង បើទោះបីជាបច្ចេកវិទ្យាមានសារៈសំខាន់សម្រាប់អក្ខរកម្មឌីជីថលក៏ដោយ។ លោកស្រីបាននិយាយថាកុមារត្រូវការការចូលប្រើឧបករណ៍ឌីជីថលដែលមានសុវត្ថិភាព និងមានការណែនាំ។
លោកស្រី ហាហ្វីដ បានកត់សម្គាល់ថា ប្រទេសជាច្រើនបានអនុម័តវិធានការការពារកុមារតាមប្រព័ន្ធអនឡាញ ដោយបានលើកឡើងពីសេចក្តីសម្រេចរបស់ប្រទេសអូស្ត្រាលីក្នុងការកំណត់ការចូលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់កុមារអាយុក្រោម ១៦ឆ្នាំ។
ប្រទេសឥណ្ឌូណេស៊ីប្រើប្រាស់វិធីសាស្រ្តផ្អែកលើហានិភ័យស្រដៀងគ្នានេះដែរ ក្រោមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលលេខ១៧ ឆ្នាំ២០២៥ស្តីពីការគ្រប់គ្រងប្រព័ន្ធអេឡិចត្រូនិកសម្រាប់កិច្ចការពារកុមារ ដែលគេស្គាល់ថា ជាច្បាប់ PP Tunas។ បទប្បញ្ញត្តិនេះអនុញ្ញាតឱ្យកុមារអាយុក្រោម១៣ឆ្នាំចូលប្រើប្រាស់បានតែវេទិកាដែលមានហានិភ័យទាបប៉ុណ្ណោះ ខណៈដែលវេទិកាដែលមានហានិភ័យខ្ពស់ត្រូវបានដាក់កម្រិតរហូតដល់ពួកគេមានអាយុ ១៨ឆ្នាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





