ម៉ាឡេស៊ីនាំមុខគេក្នុងកំណើនសេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ីអាគ្នេយ៍
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ប្រទេសម៉ាឡេស៊ីឥឡូវនេះ គឺជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលរីកចម្រើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយនឹងការកើនឡើង ១៩% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្ថិតនៅលើផ្លូវឆ្ពោះទៅរកការឈានដល់ ៣៩ប៊ីលានដុល្លារអាម៉េរិកនៃតម្លៃទំនិញសរុប (GMV) នៅក្នុងឆ្នាំនេះ។ នេះបើយោងតាមរបាយការណ៍ e-ConomySEA ឆ្នាំ២០២៥ លើកទី១០។
របាយការណ៍ដែលចេញផ្សាយដោយក្រុមហ៊ុន Google មូលនិធិ Temasek និងក្រុមហ៊ុន Bain & Company នេះបានកត់សម្គាល់ថាពាណិជ្ជកម្មអេឡិចត្រូនិករបស់ប្រទេសម៉ាឡេស៊ីបន្តពង្រីកក្នុងល្បឿនមួយដែលមានស្ថានភាពល្អ ដែលជាកម្លាំងចលករដ៏ធំបំផុតនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសនេះ និងឈានដល់តម្លៃ ២០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៥។ វិស័យនេះបានកើនឡើង ២១% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងតម្លៃទំនិញសរុប ដែលជាអត្រាលឿនបំផុតលំដាប់ទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍(SEA)។
ការធ្វើដំណើរតាមអនឡាញរបស់ប្រទេសម៉ាឡេស៊ីបានកត់ត្រានូវកំណើន ១៩% នៃតម្លៃទំនិញសរុប ដែលជាកំណើនលឿនបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជំរុញដោយការភ្ជាប់ទំនាក់ទំនងផ្លូវអាកាសកាន់តែប្រសើរឡើង វិធានការធ្វើសេរីភាវូបនីយកម្មទិដ្ឋាការ និងយុទ្ធនាការទេសចរណ៍ឌីជីថលទ្រង់ទ្រាយធំ ដែលកំពុងបង្កើតនូវសន្ទុះមុនកម្មវិធី«ទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦»។
ទន្ទឹមនឹងនេះដែរ សេវាកម្មហិរញ្ញវត្ថុឌីជីថលបានបង្ហាញពីកំណើនទ្វេដងជាបន្តបន្ទាប់ ដោយការទូទាត់ប្រាក់ឌីជីថលនឹងឈានដល់ ២១៣ប៊ីលានដុល្លារអាម៉េរិកនៅក្នុងតម្លៃប្រតិបត្តិការសរុប (GTV) នៅក្នុងឆ្នាំ២០២៥។
សន្ទុះនេះត្រូវបានគាំទ្រដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសម៉ាឡេស៊ីឆ្ពោះទៅរកការទូទាត់ប្រាក់ដោយមិនប្រើសាច់ប្រាក់ រួមទាំងការកើនឡើង ២៨% នៃការប្រើប្រាស់ការទូទាត់ប្រាក់ឌីជីថលដែលត្រូវបានរាយការណ៍ដោយធនាគារកណ្តាលម៉ាឡេស៊ី ហើយការទទួលយកឆ្លងកាត់ព្រំដែនបានកើនឡើងគួរឱ្យកត់សម្គាល់ជាមួយនឹងស្តង់ដារ DuitNow QR ឥឡូវនេះដែលអាចធ្វើអន្តរកម្មបាននៅទូទាំងទីផ្សារក្នុងតំបន់អាស៊ីអាគ្នេយ៍កាន់តែច្រើនឡើង។
នៅកម្រិតតំបន់ សេដ្ឋកិច្ចឌីជីថលរបស់តំបន់អាស៊ីអាគ្នេយ៍ត្រូវបានគេព្យាករថានឹងលើសពីតម្លៃ ៣០០ប៊ីលានដុល្លារអាម៉េរិកនៅក្នុងតម្លៃប្រតិបត្តិការសរុបនៅក្នុងឆ្នាំ២០២៥ ដោយកើនឡើង ១៥% ពីមួយឆ្នាំទៅមួយឆ្នាំ និងលើសពីការព្យាករពីដំបូងរបស់តំបន់ដែលមាន ១,៥ដង។
ក្នុងនាមជាតំបន់សេដ្ឋកិច្ចធំជាងគេលំដាប់ទីប្រាំរបស់ពិភពលោក ដែលមានប្រជាជនជាង ៦៨០លាននាក់ តំបន់អាស៊ីអាគ្នេយ៍បានធ្វើឌីជីថលកម្មយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបង្ហាញពីភាពធន់ខ្លាំង និងសមត្ថភាពរកប្រាក់ បើទោះបីជាមានឧបសគ្គជាសកលដូចជាជំងឺរាតត្បាតកូវីដ-១៩ អតិផរណា និងសម្ពាធនៃខ្សែសង្វាក់ផ្គត់ផ្គង់ក៏ដោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





