មន្ត្រីយោធាកំពូលៗនៃប្រទេសកូរ៉េខាងត្បូង និងកាណាដា ពិភាក្សាគ្នាតាមទូរស័ព្ទអំពីការពង្រីកកិច្ចសហប្រតិបត្តិការការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- នាយសេនាធិការចម្រុះ (JCS) លោក ជីន យ៉ុងស៊ុង (Jin Yong-sung) ប្រធានក្រុមប្រឹក្សាភិបាល បានធ្វើការសន្ទនាតាមទូរស័ព្ទលើកដំបូងជាមួយសមភាគីកាណាដា ហើយបានពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី ជេននី ការីហ្គណាន(Jennie Carignan) លោក ជីន បានថ្លែងអំណរគុណដល់ប្រទេសកាណាដាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការចូលរួមចំណែកក្នុងការរក្សាសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក រួមទាំងការចូលរួមរបស់កងទ័ពកាណាដានៅក្នុងសង្គ្រាមកូរ៉េឆ្នាំ១៩៥០-៥៣។
លោក ជីន បានពិពណ៌នាអំពីប្រទេសកាណាដាថាជា «មិត្តចាស់»របស់ប្រទេសកូរ៉េខាងត្បូង ដោយលោកបានហៅចំណងមិត្តភាពទ្វេភាគីនេះថា «សម្ព័ន្ធភាពដែលបង្កើតឡើងដោយឈាម»។
ប្រធាន JCS បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ ដើម្បីជំរុញផលប្រយោជន៍ជាយុទ្ធសាស្ត្ររួមរបស់ពួកគេ រួមទាំងតាមរយៈការផ្លាស់ប្តូរមន្ដ្រី និងសមយុទ្ធរួមគ្នា។
ភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិរបស់ពួកគេកាន់តែស៊ីជម្រៅ និងជួបពិភាក្សាគ្នាផ្ទាល់នៅពេលក្រោយដើម្បីសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





