ប៉ាគីស្ថានបញ្ជាក់ជាថ្មីអំពីការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោកសេហ៍បាហ្ស សារីហ្វ (Shehbaz Sharif) កាលពីថ្ងៃសៅរ៍ បានបញ្ជាក់ជាថ្មីនូវការគាំទ្រដ៏រឹងមាំរបស់លោកចំពោះប្រជាជនប៉ាឡេស្ទីននៅក្នុងទិវាអន្តរជាតិនៃសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីន។
នៅក្នុងសារមួយនោះ នាយករដ្ឋមន្ត្រីបាននិយាយថា រដ្ឋាភិបាល និងប្រជាជនប៉ាគីស្ថានឈរនៅជាមួយប្រជាជនប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលត្រូវបានបដិសេធសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯង ត្រូវបានយកដីធ្លីរបស់ពួកគេ និងស៊ូទ្រាំនឹងអំពើហិង្សាយ៉ាងច្រើន។
លោក សារីហ្វ បានសរសើរពីភាពរឹងមាំរបស់ប្រជាជនប៉ាឡេស្ទីនដោយលោកបានពិពណ៌នាអំពីភាពក្លាហានរបស់ពួកគេថាជាសក្ខីភាពនៃស្មារតីមនុស្ស។
ប្រទេសប៉ាគីស្ថានបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះដំណោះស្រាយដ៏យុត្តិធម៌ និងយូរអង្វែងនៃបញ្ហាប៉ាឡេស្ទីន ដោយផ្អែកលើដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងមហាសន្និបាត។ ប្រទេសនេះគាំទ្រការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ អាចឋិតថេរបាន និងជាប់គ្នានៅលើព្រំដែនមុនឆ្នាំ១៩៦៧ ដោយមានទីក្រុងហ្សេរុយសាឡឹមខាងកើតជារដ្ឋធានីរបស់ខ្លួន។
លោក សារីហ្វ បានមានប្រសាសន៍ថា «ថ្ងៃនេះ និងជារៀងរហូតប្រទេសប៉ាគីស្ថានសូមបញ្ជាក់ជាថ្មីនូវសាមគ្គីភាពជាមួយប្រជាជនប៉ាឡេស្ទីននិងឈរនៅជាមួយពួកគេក្នុងការតស៊ូដើម្បីសេរីភាព សេចក្តីថ្លៃថ្នូរ និងសន្តិភាព»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





