គ្រឿងញៀនត្រូវបានរឹបអូស និងជនសង្ស័យជួញដូរគ្រឿងញៀនម្នាក់ត្រូវបានឃុំខ្លួននៅប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- អ្នកនាំពាក្យនៃការិយាល័យនគរបាលខេត្តនីមរូហ្ស លោក ម៉ាវឡាវី ហ្គុល ម៉ូហាមមេដ គូដ្រាត (Mawlawi Gul Mohammad Qudrat) បានមានប្រសាសន៍កាលពីថ្ងៃអាទិត្យថា ប៉ូលិសបានរឹបអូសគ្រឿងញៀនខុសច្បាប់ចំនួន ៣គីឡូក្រាមនិងបានចាប់ខ្លួនជនសង្ស័យម្នាក់នៅភាគខាងលិចខេត្តនីមរូហ្ស ប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសៅរ៍។
យោងតាមមន្ត្រីរូបនោះ ជនជាប់ចោទរត់ពន្ធគ្រឿងញៀនរូបនេះកំពុងព្យាយាមយកគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣គីឡូក្រាមចេញពីខេត្ត ប៉ុន្តែប៉ូលិសបានរារាំងការប៉ុនប៉ងនេះ ហើយបានចាប់ខ្លួនជននោះ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានដែលបានហាមឃាត់ការដាំដុះដំណាំខុសច្បាប់រួមទាំងដំណាំអាភៀន និងហាស៊ីសក្នុងឆ្នាំ២០២២ បានសន្យាថានឹងបន្តសង្គ្រាមប្រឆាំងគ្រឿងញៀន ការផលិត ការកែច្នៃ និងការជួញដូរគ្រឿងញៀនរហូតដល់ប្រទេសដែលធ្លាប់ផលិតគ្រឿងញៀននេះរួចផុតពីការគំរាមកំហែងគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





