កៀហ្ស៊ីស៊ីស្ថានរៀបចំការបោះឆ្នោតសភាមុនកាលកំណត់
AKP ភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ -- ការបោះឆ្នោតសភាដំបូងបានចាប់ផ្តើមនៅក្នុងប្រទេសកៀហ្ស៊ីស៊ីស្ថានកាលពីថ្ងៃអាទិត្យ ដើម្បីជ្រើសរើសតំណាងរាស្ត្រចំនួន ៩០រូបទៅកាន់ស្ថាប័ននីតិបញ្ញត្តិតែមួយរបស់ប្រទេស។
គណៈកម្មការរៀបចំការបោះឆ្នោតកណ្តាល (CEC) នៃប្រទេសកៀហ្ស៊ីស៊ីស្ថានបានរាយការណ៍ថា ការិយាល័យបោះឆ្នោតចំនួន២.៤៩២ការិយាល័យបានបើកនៅទូទាំងប្រទេស រួមជាមួយនឹងការិយាល័យបោះឆ្នោតពីចម្ងាយចំនួន ២៧ការិយាល័យ និងការិយាល័យបោះឆ្នោតចំនួន១០០ការិយាល័យនៅបរទេស។ ការបោះឆ្នោតនឹងធ្វើឡើងចាប់ពីម៉ោង៨:០០នាទីព្រឹក ដល់ម៉ោង ៨:០០នាទីយប់ (ម៉ោងក្នុងស្រុក)។
នៅថ្ងៃទី២៥ ខែកញ្ញា សភាកៀហ្ស៊ីស៊ីស្ថានបានបោះឆ្នោតរំលាយខ្លួនឯង ដោយលើកឡើងពីការព្រួយបារម្ភអំពីពេលវេលាដ៏ខ្លីនៃការបោះឆ្នោតប្រធានាធិបតី និងសភានាពេលខាងមុខ។ អ្នកតាក់តែងច្បាប់បានអះអាងថាការរៀបចំការបោះឆ្នោតទាំងពីរឱ្យនៅជិតគ្នាខ្លាំងពេកអាចធ្វើឱ្យប៉ះពាល់ដល់ស្ថិរភាពនយោបាយ ហើយបានស្នើឱ្យមានការបោះឆ្នោតសភាមុនកាលកំណត់។
នៅថ្ងៃទី៣០ ខែកញ្ញា ប្រធានាធិបតីកៀហ្ស៊ីស៊ីស្ថាន លោក សាដៀរ ចាប៉ារ៉ូវ (Sadyr Japarov) បានចុះហត្ថលេខាលើក្រឹត្យមួយដើម្បីធ្វើការបោះឆ្នោតសភានៅថ្ងៃទី៣០ ខែវិច្ឆិកា។
យោងតាមកាលវិភាគដំបូង ការបោះឆ្នោតសភាថ្មីរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាននឹងត្រូវធ្វើឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខណៈដែលការបោះឆ្នោតប្រធានាធិបតីត្រូវបានគ្រោងទុកត្រឹមតែពីរខែក្រោយមក គឺនៅខែមករា ឆ្នាំ២០២៧៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





