ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បើកសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិលើកទី៩ លើកកម្ពស់ឧត្តមភាពបច្ចេកទេសកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ច និងបរិស្ថាន
AKP បន្ទាយមានជ័យ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើក «សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៩ ស្តីពីការអភិវឌ្ឍកសិកម្ម និងជនបទ» ក្រោមប្រធានបទ «ឧត្តមភាពបច្ចេកទេសកសិកម្ម ដើម្បីចីរភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន» ដែលប្រព្រឹត្តទៅរយៈពេល២ថ្ងៃ (ចាប់ពីថ្ងៃទី០១-០២ ខែធ្នូ) នៅសាកលវិទ្យាល័យជាតិមានជ័យ ស្ថិតក្នុងភូមិបាណយ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ តំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ ព្រមទាំងសាស្រ្តាចារ្យ និងនិស្សិតដែលអញ្ជើញមកពីគ្រឹះស្ថានឧត្តមសិក្សា (សាកលវិទ្យាល័យ និងវិទ្យាស្ថាន) ចំនួន១៤ មកពីបណ្តាខេត្តនានា។

ក្នុងឱកាសបើកសន្និសីទវិទ្យាសាស្ត្រថ្នាក់ជាតិនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់អំពីសារសំខាន់នៃការស្រាវជ្រាវវិទ្យាសាស្ត្រ ដែលជាមូលដ្ឋានគ្រឹះក្នុងការជំរុញការអភិវឌ្ឍជាតិ ជាពិសេសលើវិស័យកសិកម្មដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗមួយចំនួន៖ ការលើកកម្ពស់បច្ចេកវិទ្យាកសិកម្ម ការធ្វើទំនើបកម្មកសិកម្មតាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាកត្តាចាំបាច់ដើម្បីបង្កើនទិន្នផល និងគុណភាព ដោយធានាបាននូវការប្រកួតប្រជែងក្នុងតំបន់ និងទីផ្សារអន្តរជាតិ។

ការស្រាវជ្រាវដើម្បីដោះស្រាយបញ្ហា ឯកឧត្តមបានជំរុញឱ្យសាកលវិទ្យាល័យ និងវិទ្យាស្ថាននានា បង្កើនការស្រាវជ្រាវដែលឆ្លើយតបនឹងបញ្ហាជាក់ស្តែងរបស់កសិករ និងសហគមន៍ជនបទ ដោយផ្តោតលើ «ឧត្តមភាពបច្ចេកទេស» ដើម្បីធានាថា ការអភិវឌ្ឍមិនត្រឹមតែជួយដល់សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងធានានូវចីរភាពបរិស្ថានផងដែរ។ ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យកសិកម្ម និងអភិវឌ្ឍន៍ជនបទ ត្រូវដើរទន្ទឹមនឹងការវិវត្តនៃបច្ចេកវិទ្យា ដើម្បីឱ្យនិស្សិតដែលបញ្ចប់ការសិក្សា ក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរ និងជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគមន៍របស់ពួកគេប្រកបដោយចីរភាព។
គួរបញ្ជាក់ផងដែរថា សន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៩ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់អ្នកស្រាវជ្រាវ សាស្ត្រាចារ្យ និងនិស្សិត ក្នុងការផ្លាស់ប្តូរបទពិសោធន៍ ចែករំលែកលទ្ធផលនៃការស្រាវជ្រាវថ្មីៗ និងបង្កើតបណ្តាញទំនាក់ទំនងរវាងគ្រឹះស្ថានសិក្សា និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យនៃការអភិវឌ្ឍកសិកម្ម និងជនបទនៅកម្ពុជា៕
ដោយ ឈុន សារ៉ាត





