ពិធីប្រកាសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សក្រុងកំពង់សោម
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ អញ្ជើញប្រកាសប្រធាន អនុប្រធាន និងសមាជិកគណៈកម្មាធិការគណបក្សក្រុងកំពង់សោម នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានកោតសរសើរ និងវាយតម្លៃចំពោះគណៈកម្មាធិការគណបក្សក្រុងកំពង់សោម គណៈកម្មាធិការគណបក្សសង្កាត់បានខិតខំរួមសាមគ្គីគ្នាជាធ្លុងមួយសម្រេចបាននូវសមិទ្ធផលនានាជាច្រើនធ្វើឱ្យក្រុងកំពង់សោម មានការប្រែប្រួលអភិវឌ្ឍរីកចម្រើន ព្រមទាំងបានចូលរួមលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនស្របតាមការរីកចម្រើនរបស់ប្រទេសជាតិ។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធានគណបក្សខេត្តព្រះសីហនុក៏បានអបអរសាទរចំពោះលោក នួន ប៊ុនថុល ត្រូវបានផ្ទេរភារកិច្ចពីប្រធានគណៈកម្មាធិការគណបក្ស ក្រុងកោះរ៉ុង មកជាប្រធានគណៈកម្មាធិការគណបក្ស ក្រុងកំពង់សោមតាមសេចក្តីសម្រេច លេខ៣០៣/០៣២៥/សស.គក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ របស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ព្រមទាំងលោក លោកស្រី ដែលត្រូវបានគណៈកម្មាធិការគណបក្សខេត្ត តែងតាំងជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សក្រុងកំពង់សោម តាមរយៈសេចក្តីសម្រេចលេខ ០៦២/២៥សស. គក.ខសន ចុះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្ស ខេត្តព្រះ សីហនុ ដើម្បីរួមគ្នាបន្តនិរន្តរភាពដឹកនាំគណៈកម្មាធិការគណបក្សក្រុងកំពង់សោម និងសូមបន្តរក្សានូវប្រពៃណីដ៏ល្អដែលមានកន្លងមកសំដៅឈានទៅសម្រេចបានជោគជ័យធំៗ និងថ្មីៗបន្ថែមទៀតក្នុងការដឹកនាំគណបក្សក្រុងកំពង់សោម ស្របតាមតួនាទី ភារកិច្ចដែលគណបក្ស និងថ្នាក់ដឹកនាំបានប្រគល់ជូន។ ដោយផ្អែកលើសមត្ថភាព និងបទពិសោធន៍ការងាររបស់លោក លោកស្រី គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សខេត្ត ក៏ដូចជារូបខ្ញុំផ្ទាល់ ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា លោក លោកស្រី ពិតជានឹងបន្តពង្រឹងការប្តេជ្ញាចិត្តពុះពារសម្រេចបានជោគជ័យថ្មីៗថែមទៀតជូនគណបក្ស រាជរដ្ឋា ភិបាល និងប្រជាជន។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ និងការបេ្តជ្ញាចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចសមិទ្ធផលធំៗយ៉ាងច្រើនក្នុងការអនុវត្តនូវកម្មវិធីនយោ បាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ធ្វើឪ្យប្រទេសជាតិមានការរីកចម្រើន លើគ្រប់វិស័យ។

ឯកឧត្តមប្រធានគណបក្សខេត្តព្រះសីហនុ ក៏បានធ្វើការផ្តាំផ្ញើលោក នួន ប៊ុនថុល ប្រធានគណៈកម្មាធិការគណបក្សក្រុងកំពង់សោម ក៏ដួចជាអនុប្រធាន និងសមាជិក សមឋាជិការថ្មី ពាក់ព័ន្ធរបៀបរបបការងារដូចជា៖ ១. ត្រូវដឹកនាំគណបក្សក្រុងស្របតាមកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការកសាង និងកម្មវិធីនយោបាយផ្សេងៗ សេចក្តីសម្រេចចិត្តរបស់គណបក្ស ព្រមទាំងចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យទទួលបានជោគជ័យ។ ២. ត្រូវអនុវត្តលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សសំដៅពង្រឹងធ្លុងសាមគ្គីភាព និងឯកភាពផ្ទៃក្នុងគណបក្សឯកភាពខាងឆន្ទៈ ឯកភាពខាងស្មារតី ឯកភាពខាងសកម្ម ភាព និងឯកភាពខាងភាសានិយាយដោយឈរលើគោលការណ៍ «សមូហភាពដឹកនាំបុគ្គលទទួលខុសត្រូវ» ឈានឆ្ពោះទៅដណ្តើមជ័យជំនះគ្រប់ការបោះឆ្នោតនាពេលខាងមុខ។ ៣. ត្រូវខិតខំជំរុញ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវអភិក្រមទាំង៥ គឺ «ឆ្លុះកញ្ចក់ ងូតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ប្រកបដោយភាពរឹងមាំ និងស្អាតស្អំ។ ៤. ត្រូវខិតខំជំរុញបង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ចក្នុងការលើកកម្ពស់ការគ្រប់គ្រង ការផ្តល់សេវាសាធារណៈ និងការអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយ «ភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព»។ ៥. ត្រូវខិតខំប្រមូលផ្តុំកម្លាំងគណបក្សគ្រប់ស្ថាប័ន ដោយពង្រឹងទំនាក់ទំនងដ៏ល្អជាមួយបណ្តាអង្គការសង្គមស៊ីវិល និងមជ្ឈដ្ឋានជឿនលឿនក្នុងសង្គមតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ដើម្បីពង្រឹងសន្តិភាព ស្ថិរភាព កសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ជំរុញការអភិ វឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ៦. ត្រូវខិតខំពង្រឹងរចនាសម្ព័ន្ធដែលមានស្រាប់ ដោយប្រែក្លាយជាយន្តការសម្របសម្រួលរវាងរៀមច្បងគណៈពង្រឹងយុវជនជាមួយគណៈកម្មាធិការគណបក្សក្រុង សង្កាត់កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។ ៧. ត្រូវបន្តពង្រឹងការគ្រប់គ្រងសមាជិក និងពង្រីកសមាជិកថ្មីពីយុវជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតរបស់គណបក្សនយោបាយផ្សេងៗ តាមគោលការណ៍ ‘‘ពង្រឹងចាស់ កសាងថ្មី’’ ដោយខិតខំធ្វើឱ្យសមាជិកម្នាក់ៗជាសន្លឹកឆ្នោតគាំទ្រគណបក្សមួយសន្លឹក៕
ដោយ ងូ សុមុនី





