កីឡាករ កីឡាការិនី ជាង១ពាន់នាក់ ចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុង ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង
AKP កោះកុង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រុមកីឡាករ និងកីឡាការីជាង១ពាន់នាក់ បាននាំគ្នាចូលរួមរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ ដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាតនៅខេត្តកោះកុង ប្រទេសកម្ពុជា។

វគ្គរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងនេះនៅក្នុងតំបន់វិស្សមកាលតារាសាគរ ដែលមានរយៈចម្ងាយចែកចេញ៣ប្រភេទ៖ ទី១ រយៈចម្ងាយ២១គីឡូម៉ែត្រ ទី២ ១០គីឡូម៉ែត្រ និងទី៣ រយៈចម្ងាយ៥គីឡូម៉ែត្រ និងមានអ្នកចូលរួមប្រមាណជាង១ពាន់នាក់ និងចាប់ផ្តើមពីម៉ោង៥និង៣០នាទីព្រឹក នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។

ថ្លែងក្នុងពិធីបើក លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី បានបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» តាមរយៈបង្កើតកម្មវិធីរត់ប្រណាំងនេះ ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលវិស័យកីឡា និងទាក់ទាញទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត នៅប្រទេសកម្ពុជា។ លោក ជា តិចហុក បានបញ្ជាក់ទៀតថា តំបន់តារាសាគរ តែងតែបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង ស្របពេលកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។

លោកនាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុនខូលថល ស៊ីធី រំពឹងទុកជាមុនថា តំបន់តារាសាគរនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។
សូមបញ្ជាក់ថា តាមរយៈលទ្ធផលនៃការរត់ប្រណាំងកណ្តាលម៉ារ៉ាតុងខាងលើ គឺលេខ១ រយៈចម្ងាយ៥គីឡូម៉ែត្រប្រភេទ បុរសបានទៅលើកីឡាករឈ្មោះ វីសាល និងកីឡាការីឈ្មោះ Deck។ ចំពោះលេខ១ រយៈចម្ងាយសម្រាប់រត់១០គីឡូម៉ែត្រប្រភេទបុរសឈ្មោះ សន ពិសី និងកីឡាការីនី ឈ្មោះ ពិន ឆាំ។ សម្រាប់លទ្ធផលលេខ១ រយៈចម្ងាយ២១គីឡូម៉ែត្រប្រភេទបុរសបានទៅលើឈ្មោះ វ៉ាន ភារ៉ា និងកីឡាការីឈ្មោះ កាន់ ស្រីរ័ត្ន។

ព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍័សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុន ខូលថល ស៊ីធី បានរៀបចំជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៌ផលិតផល ដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕
ដោយ៖ រិទ្ធី





