កីឡាករ កីឡាការិនី ប្រមាណ ២០០នាក់ ចូលរួមប្រណាំងកង់ ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រ នៅខេត្តកោះកុង
AKP កោះកុង ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ក្រុមកីឡាករ និងកីឡាការីប្រមាណ២០០នាក់ បានចូលរួមប្រណាំងកង់ក្នុងព្រឹត្តការណ៍តារាសាគរសមុទ្រឆ្នាំ២០២៥ នៅខេត្តកោះកុងដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត និងគាំទ្រដល់វិស័យកីឡានៅក្នុងប្រទេសកម្ពុជា។

ការប្រណាំងកង់នេះ មានរយៈចម្ងាយ៧០គីឡូម៉ែត្រ បានធ្វើឡើងនៅតំបន់វិស្សមកាលតារាសាគរ ដោយផ្តើមចាប់ពីម៉ោង៦ និង៣០នាទីព្រឹក នាថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលមានកីឡាករ និងកីឡាការីចំនួន២០០នាក់ ចូលរួមយ៉ាងច្រើនកុះករនៅឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។
លោក ជា តិចហុក នាយកផ្នែកទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន ខូលថល ស៊ីធី បានឱ្យដឹងថា ព្រឹត្តិការណ៍ «តារាសាគរសាទរទេសចរណ៍សមុទ្រ» ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាកម្លាំងចលករដ៏សំខាន់ទាក់ ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាកម្សាន្តនៅខេត្តកោះកុង។

លោក ជា តិចហុក បានបន្តថា ការណ៍ដែលបង្កើតឱ្យមានព្រឹត្តិការណ៍ប្រណាំងកង់នេះឡើង ក្នុងគោលបំណងចម្បងដើម្បីលើកកម្ពស់សក្តានុពលទេសចរណ៍តំបន់ឆ្នេរដ៏ស្រស់ស្អាត និងគាំទ្រដល់វិស័យកីឡានៅប្រទេសកម្ពុជា។ លោកបានលើកឡើងថា តំបន់តារាសាគរ អាចចាត់ទុកជាឋានសួគ៌មួយសម្រាប់គ្រប់អ្នកទេសចរដែលអាចមកស្នាក់នៅកម្សាន្តគយគន់ឆ្នេរសមុទ្រដ៏ស្អាត និងបែបអេកូទេសចរណ៍នានាដែលកំពុងមានសក្តានុពល។

សូមបញ្ជាក់ថា សម្រាប់លទ្ធផលប្រណាំងកង់វិញ គឺលេខ១ បានទៅលើកីឡាករឈ្មោះ ឈឿន ភារុន ទទួលបានពាន ថវិកា និងលេខ១ សម្រាប់កីឡាការី បានទៅលើឈ្មោះ លីស ម៉ាលី ទទួលបានពាន និងថវិកាលើកទឹកចិត្ត។
ជាមួយគ្នានេះ តំបន់តារាសាគរ តែងបំផុសស្មារតីស្រឡាញ់ និងអភិរក្សធនធានធម្មជាតិសមុទ្រតាមការបង្កើតព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ទាក់ទាញកន្លងទៅ ឆ្លើយតបនឹងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកោះកុងរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកោះកុង ដែលក្រុមហ៊ុនខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំជាច្រើន ដូចជា អាកាសយានដ្ឋានអន្តរជាតិ4F ផ្លូវថ្នល់ខ្វាត់ខ្វែង ប្រព័ន្ធអ៊ីនធឺណិត និងទីតាំងសេវាកម្មទេសចរណ៍កម្រិតស្តង់ដារនានា។
ចំពោះព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍័សមុទ្រ ឆ្នាំ២០២៥ ក្រុមហ៊ុនខូលថល ស៊ីធី បានរៀបចំជាកីឡាស្ទូចត្រី បាល់ទះ កីឡាជិះម៉ូតូទឹក ប្រណាំងកង់ កីឡាប្រដាល់ ការប្រគុំតន្រ្តី និងតាំងពិពរណ៌ផលិតផលដែលសុទ្ធសឹងតែជាកីឡាមួយដ៏ពេញនិយមសម្រាប់ប្រជាពលរដ្ឋ និងអ្នកទេសចរទូទៅ៕
ដោយ៖ រិទ្ធី





