រុស្ស៊ីនឹងនាំចេញធ្យូងថ្មជាង ១០០លានតោនទៅកាន់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក អាឡិចសាន់ដឺរ ណូវ៉ាក់ (Alexander Novak) បាននិយាយកាលពីពេលថ្មីៗនេះថា មានឱកាសល្អក្នុងការបង្កើនការផ្គត់ផ្គង់ធ្យូងថ្មរបស់រុស្ស៊ី និងផលិតផលកែច្នៃរបស់វាទៅកាន់ប្រទេសចិនដល់ជាង ១០០លានតោនជារៀងរាល់ឆ្នាំ។
លោក ណូវ៉ាក់ បានបញ្ជាក់ក្នុងអំឡុងពេលថ្លែងសុន្ទរកថារបស់លោកនៅក្នុងវេទិកាអាជីវកម្មថាមពលរុស្ស៊ី-ចិន ថា «រុស្ស៊ី គឺជាប្រទេសផលិត និងអ្នកផ្គត់ផ្គង់ធ្យូងថ្មឈានមុខគេមួយរបស់ពិភពលោក ហើយប្រទេសចិន គឺជាអ្នកប្រើប្រាស់ធំជាងគេ។ នៅក្នុងបរិបទនេះ យើងឃើញពីការរំពឹងទុកសម្រាប់ការបង្កើនការផ្គត់ផ្គង់ធ្យូងថ្ម និងផលិតផលកែច្នៃរបស់វាទៅកាន់ប្រទេសក្នុងទ្វីបអាស៊ីមួយនេះ»។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរ «កំពុងអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការក្នុងវិស័យផ្គត់ផ្គង់ឧបករណ៍ និងសេវាកម្មសម្រាប់វិស័យប្រេង និងឧស្ម័ន»។
លោកក៏បានចង្អុលបង្ហាញផងដែរថា រុស្ស៊ីកំពុងពិភាក្សាជាមួយដៃគូចិនរបស់ខ្លួនអំពីលទ្ធភាពនៃការពង្រីកការនាំចេញប្រេង។
លោកបានកត់សម្គាល់ថា ទាក់ទងនឹងបរិមាណផ្គត់ផ្គង់ រុស្ស៊ីកាន់កាប់តំណែងឈានមុខគេក្នុងចំណោមអ្នកផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសចិនដោយមានទីផ្សារចិនជាង ២០%។
លោក ណូវ៉ាក់ បានបញ្ជាក់ថា ក្រុមហ៊ុនចិនធំៗ គឺជាដៃគូនៅក្នុងគម្រោងបម្លែងឧស្ម័នធម្មជាតិធំជាងគេរបស់រុស្ស៊ីនៅតំបន់អាកទិក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ប្រេនសាឡាទីណា)





