អ៊ុយក្រែនមិនយល់ស្របទៅលើការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងកិច្ចព្រមព្រៀងសន្តិភាពទេ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ៊ុយក្រែននឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ខ្លួនដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពណាមួយដែលអាចកើតមាននោះទេ។ នេះបើយោងតាមការរាយការណ៍របស់សារព័ត៌មាន Interfax-Ukraine ដោយបានដកស្រង់សម្តីសមាជិកម្នាក់នៃគណៈប្រតិភូអ៊ុយក្រែន ដែលពាក់ព័ន្ធនឹងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ដៃគូផ្សេងទៀត និងរុស្ស៊ី។
លោក អូឡេកសាន់ដឺ បេវហ្ស៍ (Oleksandr Bevz) ទីប្រឹក្សារបស់ប្រធានការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយថា «យើងបានបញ្ជាក់ថា អ៊ុយក្រែននឹងមិនទទួលយកទម្រង់នៃការទទួលស្គាល់ណាមួយឡើយ ហើយអ៊ុយក្រែននឹងមិនធ្វើការផ្លាស់ប្តូរណាមួយចំពោះរដ្ឋធម្មនុញ្ញរបស់ខ្លួនទេ ដលយទាំងនេះ គឺជាខ្សែបន្ទាត់ក្រហម»។
លោកបាននិយាយថា បញ្ហាទឹកដីគួរតែត្រូវបានដោះស្រាយដោយផ្អែកលើគោលការណ៍ពីរ ហើយខ្សែបន្ទាត់ទំនាក់ទំនងបច្ចុប្បន្នគួរតែបម្រើជាមូលដ្ឋានសម្រាប់កិច្ចចរចា ហើយបញ្ហាបែបនេះត្រូវតែដោះស្រាយនៅកម្រិតមេដឹកនាំជាតិ។
យោងតាមប្រធានការិយាល័យប្រធានាធិបតី លោក អេនឌ្រី យើម៉ាក (Andriy Yermak) បានឱ្យដឹងថា អ្នកចរចាអ៊ុយក្រែន និងសហរដ្ឋអាមេរិកបានឈានដល់កិច្ចព្រមព្រៀងជាគោលការណ៍ ស្តីពីធាតុផ្សំភាគច្រើននៃផែនការសន្តិភាព ដែលត្រូវបានស្នើឡើងរបស់ទីក្រុងវ៉ាស៊ីនតោន បើទោះបីជាវាត្រូវបានកែសម្រួលយ៉ាងសំខាន់ពីផែនការដើមដែលមាន២៨ចំណុចក៏ដោយ។
កាលពីពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) បាននិយាយថា ផែនការដែលបានធ្វើបច្ចុប្បន្នភាពអាចវិវត្តទៅជា «កិច្ចព្រមព្រៀងស៊ីជម្រៅ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





