អគ្គីភ័យឆាបឆេះអគារខ្ពស់ៗនៅហុងកុង បណ្តាលឱ្យមនុស្សស្លាប់ ៥៥នាក់ និងបាត់ខ្លួន ២៧៩នាក់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ទីក្រុងហុងកុងបាននិយាយថា ខ្លួនបានទប់ស្កាត់អគ្គីភ័យដ៏សាហាវបំផុតដែលមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះដែលជាអគ្គីភ័យដែលបានឆាបឆេះអគារលំនៅដ្ឋាននៅតំបន់តៃប៉ូ ដោយបានសម្លាប់មនុស្ស ៥៥នាក់ និងធ្វើឱ្យមនុស្ស ២៧៩នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
លោក ចន លី (John Lee) នាយកប្រតិបត្តិទីក្រុងហុងកុងបាននិយាយថា អគ្គីភ័យនៅក្នុងអគារទាំង៧ ត្រូវបានគ្រប់គ្រងហើយ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN ដែលគ្រប់គ្រងដោយរដ្ឋចិន។
អគ្គីភ័យបានឆាបឆេះនៅវេលាប្រហែលថ្ងៃត្រង់កាលពីថ្ងៃពុធនៅក្នុងអគារនេះ ដែលមានអាផាតមិនជាង ១.៩០០បន្ទប់ ហើយបានឆេះរាលដាលយ៉ាងឆាប់រហ័សដោយសារតែរនាំងឫស្សីដែលដំឡើងនៅខាងក្រៅសម្រាប់ការងារជួសជុល។
យោងតាមអ្នកពន្លត់អគ្គីភ័យ បានឱ្យដឹងថា មនុស្សចំនួន ៥៥នាក់ រួមទាំងអ្នកពន្លត់អគ្គីភ័យម្នាក់ផងនោះបានស្លាប់រហូតមកដល់ពេលនេះ។
ក្នុងចំណោមមនុស្ស ៦៨នាក់ដែលត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដោយសារការរងរបួស មាន ១៦នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរខ្លាំង ខណៈដែល ២៥នាក់ត្រូវបានចាត់ទុកថារងរបួសធ្ងន់ធ្ងរ។
ក្នុងចំណោមអគារទាំងប្រាំពីរដែលត្រូវបានអណ្តាតភ្លើងឆាបឆេះនោះត្រូវបានគេប៉ាន់ប្រមាណថាមានលំនៅដ្ឋានសម្រាប់ប្រជាជនរស់នៅប្រហែល ៤.០០០នាក់។
មនុស្សសរុបចំនួន ២៧៩នាក់នៅតែកំពុងបាត់ខ្លួន ហើយក្រុមពន្លត់អគ្គីភ័យកំពុងបន្តប្រតិបត្តិការពន្លត់អគ្គីភ័យ។
មន្រ្តីប៉ូលិសបានឃាត់ខ្លួនមនុស្សចំនួន ០៣នាក់ ដែលរួមមានអ្នកគ្រប់គ្រងពីរនាក់ និងវិស្វករប្រឹក្សាយោបល់ម្នាក់មកពីក្រុមហ៊ុនសំណង់ដែលកំពុងធ្វើការជួសជុលអាគារនោះ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីមនុស្សឃាតដោយអចេតនា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





