សមាជិកសភាជាន់ខ្ពស់ចិនជួបជាមួយព្រះមហាក្សត្រនៃប្រទេសតុងហ្គា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ (NPC) បានជួបជាមួយព្រះមហាក្សត្រ ទូពូទី៦ (Tupou VI) នៃព្រះរាជាណាចក្រតុងហ្គានៅទីក្រុងប៉េកាំងកាលពីថ្ងៃពុធ។
លោក ហ្សៅ បាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសតុងហ្គា ដើម្បីអនុវត្តន៍ការឯកភាពគ្នាដ៏សំខាន់ដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ គាំទ្រគ្នាយ៉ាងរឹងមាំលើបញ្ហាទាក់ទងនឹងផលប្រយោជន៍ស្នូល ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមកដែលមានគុណភាពខ្ពស់ ធ្វើឱ្យការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនកាន់តែស៊ីជម្រៅ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព រឹងមាំ និងស្ថិរភាពនៃទំនាក់ទំនងចិន-តុងហ្គា។
លោក ហ្សៅ បានបន្ថែមថា សភាប្រជាជនចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីបង្កើនការផ្លាស់ប្ដូរ និងអន្តរកម្មពហុកម្រិត និងពហុវិស័យជាមួយសភាតុងហ្គា ដោយផ្តល់នូវការការពារផ្នែកច្បាប់សម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរ។
ដោយកត់សម្គាល់ពីទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងរឹងមាំរវាងប្រទេសតុងហ្គា និងប្រទេសចិន ព្រះមហាក្សត្រ ទូពូទី៦ បានមានប្រសាសន៍ថាប្រទេសតុងហ្គាប្រកាន់ខ្ជាប់យ៉ាងរឹងមាំចំពោះគោលនយោបាយចិនតែមួយហើយមានឆន្ទៈក្នុងការធ្វើឱ្យកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនកាន់តែស៊ីជម្រៅលើគ្រប់វិស័យ បង្កើនការផ្លាស់ប្ដូររវាងស្ថាប័ននីតិប្បញ្ញត្តិនិងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសតុងហ្គា-ចិនជាបន្តបន្ទាប់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





