នាយករដ្ឋមន្ត្រីហុងគ្រីគ្រោងនឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូ ដើម្បីពិភាក្សាជាមួយលោក ពូទីន នៅថ្ងៃសុក្រស្អែក
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោកវីកតូ អ័រប៊ែន (Viktor Orban) នឹងទៅបំពេញទស្សនកិច្ចនៅទីក្រុងម៉ូស្គូនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្អែកនេះ ដើម្បីជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតអនឡាញហុងគ្រី VSquare ដែលបានដកស្រង់ពីប្រភពរបស់ខ្លួន។
ទីក្រុងប៊ូដាប៉េស្ត មិនទាន់បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយ ស្តីពីបញ្ហានេះទេ។ ការសាកសួរពីអ្នកឆ្លើយឆ្លងសារព័ត៌មានតាសស៍(TASS) ទៅកាន់សេវាសារព័ត៌មានរបស់នាយករដ្ឋមន្ត្រី នៅមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។
នៅក្នុងមតិយោបល់មុនសម្រាប់បណ្តាញតេឡេក្រាម «YunashevLive» អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយថា វិមានក្រឹមឡាំងនឹងប្រកាសជាផ្លូវការអំពីទំនាក់ទំនងណាមួយដែលអាចកើតមានរវាងលោក ពូទីន និងលោក អ័រប៊ែន។
របាយការណ៍របស់សារព័ត៌មាន VSquare មិនបានផ្តល់ព័ត៌មានលម្អិតអំពីប្រធានបទជាក់លាក់ដែលលោក អ័រប៊ែន មានបំណងពិភាក្សាជាមួយលោក ពូទីន នោះទេ។
សារព័ត៌មាននេះបានកត់សម្គាល់ថា កិច្ចប្រជុំចុងក្រោយបំផុតរបស់មេដឹកនាំទាំងពីរបានកើតឡើងនៅទីក្រុងម៉ូស្គូកាលពីថ្ងៃទី០៥ ខែកក្កដាឆ្នាំ២០២៤ ក្នុងអំឡុងពេលដែលលោក អ័រប៊ែន ក៏បានទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ចិន និងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃបេសកកម្មរក្សាសន្តិភាព៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





