ផ្លូវដែកចិន-ឡាវជួយជំរុញពាណិជ្ជកម្មអាស៊ាន-ចិន
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- បរិមាណទំនិញដែលដឹកជញ្ជូនតាមរយៈផ្លូវដែកចិន-ឡាវ បានឈានដល់កម្រិតខ្ពស់បំផុត គឺ ៤,៥០៦លានតោនចន្លោះខែមករា និងខែតុលា ឆ្នាំ២០២៥ ដែលកើនឡើង ១២.៨% បើធៀបនឹងឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយចិន(CMG)។
ជាពិសេស ពាណិជ្ជកម្មផលិតផលបច្ចេកវិទ្យាខ្ពស់រវាងប្រទេសចិន និងអាស៊ាន បានលេចចេញជាចំណុចលេចធ្លោមួយទៀត ដោយមានការនាំចេញទំនិញនានា ដូចជាយានយន្តថាមពលថ្មីជាដើម ដែលកើនឡើងជាង ២៨៥%។ ការនាំចូលផ្លែឈើ និងផលិតផលកសិកម្មផ្សេងទៀតរបស់អាស៊ាន បានកើនឡើងជាង ២៧%។
តម្លៃទំនិញសរុបបានឈានដល់ ២២,០៧ប៊ីលានយ័ន (៣,១០ប៊ីលានដុល្លារអាម៉េរិក) ដោយកើនឡើង ៤៥,១% បើធៀបនឹងឆ្នាំមុន។ យោងតាមរបាយការណ៍ បានឱ្យដឹងថា អ្នកជំនាញមួយរូបបានកត់សម្គាល់ថា នេះជាការឆ្លុះបញ្ចាំងពីសមិទ្ធផលថ្មីៗក្រោមកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មសេរីចិន-អាស៊ាន។
ចាប់តាំងពីផ្លូវដែកចិន-ឡាវបានចាប់ផ្តើមប្រតិបត្តិការជិតបួនឆ្នាំកន្លងមកនេះ វាបានដឹកជញ្ជូនទំនិញនាំចូល និងនាំចេញប្រមាណជិត ១៦លានតោនដែលមានតម្លៃសរុបជិត ៧០ប៊ីលានយ័ន។
ក្នុងនាមជាគម្រោងសំខាន់មួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវផ្លូវដែកនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការតភ្ជាប់រវាងប្រទេសចិន និងបណ្តាប្រទេសនៅអាស៊ាន។
កាលពីពេលថ្មីៗនេះ សញ្ញាវិជ្ជមានជាច្រើនទៀតបានលេចចេញឡើងនៅក្នុងការបើកចំហពាណិជ្ជកម្មចិន-អាស៊ាន រួមទាំងការចុះហត្ថលេខាជាផ្លូវការកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៃពិធីសារធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន (CAFTA) 3.0 ដែលជាដំណាក់កាលថ្មីមួយនៅក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ នេះបើយោងតាមក្រសួងពាណិជ្ជកម្មចិន (MOFCOM)។
ចាប់តាំងពីឆ្នាំ២០២២ មក ពាណិជ្ជកម្មចិន-អាស៊ានបានរក្សាសន្ទុះស្ថិរភាព ដោយតម្លៃនៃការនាំចូល និងនាំចេញមានលើសពី ៩០០ប៊ីលានដុល្លារអាម៉េរិករយៈពេលបីឆ្នាំជាប់ៗគ្នា។ នេះបើយោងតាមរបាយការណ៍របស់ CMG។ របាយការណ៍នេះបានបន្ថែមថា ក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៥ ពាណិជ្ជកម្មទ្វេភាគីបានឈានដល់ ៨៦២,៧ប៊ីលានដុល្លារអាម៉េរិកដែលកើនឡើង ៨,២% ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





