ឥណ្ឌូណេស៊ីចង់បង្កើនទំនាក់ទំនងមជ្ឈមណ្ឌលទិន្នន័យត្រីភាគីជាមួយសិង្ហបុរី និងម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសឥណ្ឌូណេស៊ីកំពុងពិភាក្សាជាមួយប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ដើម្បីអភិវឌ្ឍបណ្តាញមជ្ឈមណ្ឌលទិន្នន័យឆ្លងដែន ដែលភ្ជាប់ទៅនឹងបណ្តាញបៃតងទំនើបរបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងសម្របសម្រួលសេដ្ឋកិច្ចឥណ្ឌូណេស៊ី លោក អ៊ែរឡាងហ្គា ហាតាតូ (Airlangga Hartarto) បាននិយាយថា ការផ្គត់ផ្គង់ថាមពលសម្រាប់មជ្ឈមណ្ឌលទិន្នន័យនឹងត្រូវបានភ្ជាប់ទៅនឹងបណ្តាញបៃតងទំនើបដែលជាបណ្តាញបញ្ជូនថាមពលកកើតឡើងវិញដែលបានគ្រោងទុករបស់ប្រទេសឥណ្ឌូណេស៊ី។ ប្រព័ន្ធនេះនឹងលាតសន្ធឹងពីកោះស៊ូម៉ាត្រាទៅកាន់ខេត្តនូសាតេងហ្គារ៉ា និងភ្ជាប់ទៅខេត្តកោះរីអូ ដោយបម្រើដោយផ្ទាល់ដល់ចង្កោមមជ្ឈមណ្ឌលទិន្នន័យដែលកំពុងរីកចម្រើននៅខេត្តបាតាំ ជាមួយនឹងលទ្ធភាពនៃការពង្រីកទៅកាន់ខេត្តប៊ីនតាន់។
លោក អ៊ែរឡាងហ្គា បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងពន្លឿនការដាក់ពង្រាយរោងចក្រថាមពលពន្លឺព្រះអាទិត្យ និងពង្រីកការផ្គត់ផ្គង់ថាមពលកកើតឡើងវិញ ក្រោមការដឹកនាំរបស់លោប្រធានាធិបតីប្រាបូវ៉ូ ស៊ូប៊ីអាន់តូ (Prabowo Subianto)។
គេបានប៉ាន់ប្រមាណថា ប្រសិនបើត្រូវបានអភិវឌ្ឍនៅក្នុងភូមិចំនួន៦០.០០០ភូមិ សមត្ថភាពថាមពលកកើតឡើងវិញអាចកើនឡើងដល់ប្រហែល៩០ជីហ្កាវ៉ាត់។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមដ៏ធំបំផុតនៅពេលនេះនៅតែជាការចំណាយទៅលើការវិនិយោគសម្រាប់ការបញ្ជូន នៅក្នុងបរិបទដែលឥណ្ឌូណេស៊ីនៅតែរង់ចាំការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុអាកាសធាតុសកលលោកចំនួន ៤៧២ប៊ីលានដុល្លារអាម៉េរិក។
យោងតាមក្រុមហ៊ុន PT Perusahaan Listrik Negara (PLN) ដែលជាសាជីវកម្មអគ្គិសនីរដ្ឋរបស់ប្រទេសឥណ្ឌូណេស៊ី បានឱ្យដឹងថា គម្រោងបណ្តាញបៃតងទំនើប ត្រូវបានគេរំពឹងថានឹងត្រូវការការវិនិយោគចំនួន ២៥ប៊ីលានដុល្លារអាម៉េរិក ដោយមានគម្រោងសាងសង់ខ្សែបញ្ជូនប្រហែល៥០.០០០គីឡូម៉ែត្រ ដោយភ្ជាប់អ្នកប្រើប្រាស់ និងឧស្សាហកម្មទៅកាន់ប្រភពអគ្គិសនី រួមទាំងវារីអគ្គិសនីដែលមានកម្លាំង ១៩,៦ជីហ្កាវ៉ាត់ ថាមពលព្រះអាទិត្យដែលមានកម្លាំង ១៦,៥ជីហ្កាវ៉ាត់ ថាមពលខ្យល់ដែលមានកម្លាំង១១,៣ជីហ្កាវ៉ាត់ និងថាមពលកំដៅក្នុងផែនដីដែលមានកម្លាំង ៧,១ជីហ្កាវ៉ាត់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





