ម៉ាឡេស៊ីហាមឃាត់អ្នកមានអាយុក្រោម ១៦ឆ្នាំប្រើប្រាស់បណ្តាញសង្គម ដោយអនុវត្តចាប់ពីឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ចាប់ពីឆ្នាំ២០២៦ តទៅប្រជាជនម៉ាឡេស៊ីដែលមានអាយុក្រោម ១៦ឆ្នាំនឹងមិនត្រូវបានអនុញ្ញាតឱ្យចុះឈ្មោះគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមទេ។
ថ្លែងនៅក្នុងសិក្ខាសាលា ស្តីពីការយល់ដឹងអំពីការឆបោកតាមអនឡាញ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងម៉ាឡេស៊ី លោក ហ្វាមី ហ្វាដហ្សីល (Fahmi Fadzil) បានបញ្ជាក់ជាថ្មីអំពីផែនការរបស់រដ្ឋាភិបាលម៉ាឡេស៊ី ដើម្បីធានាសុវត្ថិភាពតាមអនឡាញសម្រាប់កុមារ។ដូច្នេះ ចាប់ពីឆ្នាំក្រោយតទៅ អ្នកផ្តល់សេវាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនឹងតម្រូវឱ្យអនុវត្តវិធានការផ្ទៀងផ្ទាត់អត្តសញ្ញាណ ដើម្បីធានាថា អ្នកប្រើប្រាស់បំពេញតាមតម្រូវការអាយុអប្បបរមា។
លោក ហ្វាមី បានបញ្ជាក់ថា បទប្បញ្ញត្តិហាមឃាត់កុមារអាយុក្រោម១៦ឆ្នាំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ ត្រូវបានគ្រោងទុករួចហើយសម្រាប់ការអនុវត្តនៅក្នុងប្រទេសអូស្ត្រាលី ដែលនឹងចាប់ផ្តើមអនុវត្តនៅខែក្រោយ។ ប្រទេសដទៃទៀតក៏អាចនឹងបន្តវិធីសាស្រ្តផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ហើយប្រទេសម៉ាឡេស៊ីនឹងសិក្សា និងរៀនសូត្រពីពួកគេដើម្បីបង្កើតវិធានការដែលមានប្រសិទ្ធភាពបំផុត។
គំនិតផ្តួចផ្តើមនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ទូលំទូលាយដើម្បីការពារកុមារម៉ាឡេស៊ី ក្រោមច្បាប់សុវត្ថិភាពតាមអនឡាញ ដែលនឹងចូលជាធរមាននៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





