កំណើននាំចេញរបស់ម៉ាឡេស៊ីត្រូវបានគេរំពឹងថានឹងថយចុះនៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- បើទោះបីជាកំណើនពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ីនៅក្នុងខែតុលា ឆ្នាំ២០២៥ លើសពីការរំពឹងទុកដោយទាំងការនាំចេញ និងការនាំចូលឈានដល់កម្រិតកំណត់ត្រាក៏ដោយ ក៏អ្នកសេដ្ឋកិច្ចបានព្រមានថា ការពង្រីកការនាំចេញរបស់ប្រទេសនេះអាចនឹងថយចុះនៅក្នុងឆ្នាំ២០២៦។
លោកស្រី ឡាវ៉ាន់យ៉ា វែនកាតេសវ៉ារ៉ាន់ (Lavanya Venkateswaran)អ្នកសេដ្ឋកិច្ចជាន់ខ្ពស់អាស៊ាននៅធនាគារ OCBC បាននិយាយថា តួលេខចុងក្រោយបំផុតលើសពីការរំពឹងទុក ដែលឆ្លុះបញ្ចាំងពីការងើបឡើងវិញយ៉ាងខ្លាំងនៃតម្រូវការថាមពល និងអគ្គិសនី ក៏ដូចជាលំហូរពាណិជ្ជកម្មក្នុងតំបន់ដ៏រឹងមាំ។
ទោះជាយ៉ាងណាក៏ដោយ លោកស្រីបានកត់សម្គាល់ថា កំណើននាំចេញត្រូវបានគេរំពឹងថានឹងមានកម្រិតមធ្យមនៅឆ្នាំក្រោយ។ ទន្ទឹមនឹងនេះដែរ កំណើនសេដ្ឋកិច្ចយឺតនៅក្នុងប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសម៉ាឡេស៊ី រួមទាំងប្រទេសចិន ជប៉ុន និងសហភាពអឺរ៉ុប អាចធ្វើឱ្យតម្រូវការខាងក្រៅចុះខ្សោយនៅក្នុងឆ្នាំ២០២៦។
ទាក់ទងនឹងហានិភ័យភូមិសាស្ត្រនយោបាយ លោកស្រី ឡាវ៉ាន់យ៉ាបានគូសបញ្ជាក់ថា ការផ្លាស់ប្តូរពន្ធគយ ភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន និងការធ្លាក់ចុះខ្លាំងជាងការរំពឹងទុកនៅក្នុងប្រទេសសេដ្ឋកិច្ចធំៗ នៅតែជាការគំរាមកំហែងសំខាន់ៗដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្ទុះពាណិជ្ជកម្មរបស់ប្រទេសម៉ាឡេស៊ី។
បើទោះបីជាមានហានិភ័យទាំងនេះក៏ដោយ ក៏លោកស្រីបានសង្កត់ធ្ងន់ទៅលើប្រវត្តិយូរអង្វែងរបស់ប្រទេសម៉ាឡេស៊ីនៃអតិរេកពាណិជ្ជកម្មជាប់លាប់ ដោយបានរក្សាអតិរេកប្រចាំខែស្ទើរតែជាប់លាប់ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ១៩៩៧ មក ដែលគូសបញ្ជាក់ពីភាពប្រកួតប្រជែងខាងរចនាសម្ព័ន្ធរបស់ប្រទេស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





