ចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ -- អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតរបស់ខ្លួននៅថ្ងៃអង្គារនេះ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។
យោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានឱ្យដឹងថា តម្លៃប្រេងសាំងនឹងត្រូវកាត់បន្ថយ ៧០យ័ន (៩,៨៨ដុល្លារអាម៉េរិក) ក្នុងមួយតោន ហើយតម្លៃប្រេងម៉ាស៊ូតនឹងធ្លាក់ចុះ ៦៥យ័នក្នុងមួយតោន។
ក្រុមហ៊ុនប្រេងធំៗទាំងបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិនសាជីវកម្មប្រេងឥន្ធនៈគីមីចិន និងសាជីវកម្មប្រេងក្រៅឆ្នេរសមុទ្រចិន រួមជាមួយរោងចក្រចម្រាញ់ប្រេងផ្សេងទៀត ត្រូវបានណែនាំឱ្យរៀបចំការផលិត និងដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ប្រកបដោយប្រសិទ្ធភាពដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព។
ក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្នរបស់ប្រទេសចិន តម្លៃផលិតផលប្រេងចម្រាញ់ត្រូវបានកែតម្រូវដោយផ្អែកលើការប្រែប្រួលនៃតម្លៃប្រេងឆៅអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





