រដ្ឋមន្ត្រីការបរទេសចិន និងកៀគីស្ថាន ធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូង
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) និងសមភាគីកៀគីស្ថាន លោក ជីនប៊ែក គូលូបាអេវ (Jeenbek Kulubaev) បានធ្វើកិច្ចសន្ទនាយុទ្ធសាស្ត្រលើកដំបូងរបស់ពួកគេ។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ការបង្កើតយន្តការសន្ទនាយុទ្ធសាស្ត្រគឺជាជំហានជាក់ស្តែងមួយក្នុងការអនុវត្តការឯកភាពគ្នាដែលសម្រេចបានដោយប្រមុខរដ្ឋទាំងពីរ ដែលនឹងជួយពង្រឹងបន្ថែមទៀតនូវទំនុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រ បង្កើនការសម្របសម្រួលជាយុទ្ធសាស្ត្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ។
លោក វ៉ាង បាននិយាយថា ការកសាងសហគមន៍ចិន-កៀគីស្ថានជាមួយនឹងអនាគតរួមគ្នាដែលមានលក្ខណៈជាអ្នកជិតខាងល្អ មិត្តភាព និងវិបុលភាពរួម បំពេញតាមផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសទាំងពីរនិងឆ្លុះបញ្ចាំងពីសេចក្តីប្រាថ្នារបស់ប្រជាជនរបស់ពួកគេ។
លោក វ៉ាង បានបន្ថែមថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចដើម្បីពង្រឹងការទំនាក់ទំនង និងការសម្របសម្រួលជាមួយគៀហ្ស៊ីស៊ីស្ថានលើកិច្ចការអន្តរជាតិ និងគាំទ្រយ៉ាងពេញទំហឹងចំពោះប្រទេសកៀគីស្ថានក្នុងការធ្វើជាប្រធានប្តូរវេននៃអង្គការសហប្រតិបត្តិការសៀងហៃ។
លោក គូលូបាអេវ បាននិយាយថា ប្រទេសកៀគីស្ថានប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការជាមួយប្រទេសចិន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវ ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កសិកម្ម និងរ៉ែ ការតភ្ជាប់ និងវិស័យផ្សេងៗទៀត ពន្លឿនការសាងសង់ផ្លូវដែកចិន-កៀគីស្ថាន-អ៊ូសបេគីស្ថាន និងពង្រឹងការផ្លាស់ប្តូរប្រជាជន និងវប្បធម៌។
ប្រទេសកៀហ្ស៊ីស៊ីស្ថានត្រៀមខ្លួនរួចជាស្រេចដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយប្រទេសចិន ក្នុងការអនុវត្តន៍យ៉ាងសកម្មនូវគំនិតផ្តួចផ្តើមសកលទាំងបួនដែលដាក់ចេញដោយភាគីចិន ពង្រឹងការសម្របសម្រួលនៅក្នុងអង្គការសហប្រជាជាតិ និងលើកកម្ពស់ការអភិវឌ្ឍបន្ថែមទៀតនៃយន្តការចិន-អាស៊ីកណ្តាល៕
បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃកិច្ចសន្ទនាយុទ្ធសាស្ត្ររបស់រដ្ឋមន្ត្រីការបរទេសលើកដំបូង និងកម្មវិធីសហប្រតិបត្តិការសម្រាប់ឆ្នាំ២០២៦-២០២៧ រវាងក្រសួងការបរទេសទាំងពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





