រៀបចំក្រុមការងារពិសេស ដើម្បីធានាយន្តការថែរក្សាសុវត្ថិភាព និងធ្វើអន្តរាគមន៍ទាន់ពេលវេលា អំឡុងពេលប្រកួតស៊ីហ្គេម នៅថៃ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥--គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំក្រុមការងារពិសេស ដឹកនាំដោយនាយបេសកកម្ម នាយបេសកកម្មរង ហើយកំណត់តួនាទីភារកិច្ច និងកំណត់លក្ខខណ្ឌវិន័យ ច្បាស់លាស់ ដើម្បីធានាយន្តការថែរក្សាសុវត្ថិភាព និងធ្វើអន្តរាគមន៍ទាន់ពេលវេលា រាល់ហានិភ័យ កើតឡើងអំឡុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២២០២៥។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានជម្រាបលម្អិតអំពីយន្តការថែរក្សាសុវត្ថិភាពរបស់ប្រតិភូកីឡាកម្ពុជា នៅក្នុងពិធីសំណេះសំណាលក្រោមអធិបតីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីកម្ពុជា នៅ កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ២០២៥ នៅវិមានសន្តិភាពជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីកម្ពុជាលើ២១ប្រភេទកីឡា សរុប ៣៣២នាក់។

ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ក្រោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីកម្ពុជាឱ្យប្រតិភូកីឡាកម្ពុជាចូលរួមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃ ព្រមជាមួយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតឱ្យចូលរួម ប៉ុន្តែត្រូវយកចិត្តទុកដាក់បញ្ហាសុវត្ថិភាពរបស់កីឡាករ និងអ្នកពាក់ព័ន្ធ ដែលចូលរួមជាអាទិភាពចម្បង ហើយករណីមានហានិភ័យខ្លាំង អាចពិចារណាក្នុងការដកខ្លួន និងវិលត្រឡប់មកកម្ពុជាវិញ។ ក្នុងន័យនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំក្រុមការងារពិសេស ដឹកនាំ ដោយនាយបេសកកម្ម នាយបេសកកម្មរង ហើយកំណត់តួនាទីភារកិច្ច និងកំណត់លក្ខខណ្ឌវិន័យ ច្បាស់លាស់ ដើម្បីធានាយន្តការថែរក្សាសុវត្ថិភាព និងធ្វើអន្តរាគមន៍ទាន់ពេលវេលា រាល់ហានិភ័យ កើតឡើងអំឡុងពេលប្រកួត។

ឯកឧត្តមលើកឡើងថា គោលការណ៍សុវត្ថិភាពទាំងនេះ រួមមាន៖ ១.រក្សាការធ្វើដំណើរ ការស្ទាក់នៅ ការហូបចុក និងការចូលរួមប្រកួត ត្រូវដើរហើរជាក្រុម ប្រចាំប្រភេទកីឡារបស់ខ្លួន ដែលមានគ្រូបង្វឹកដឹកនាំគ្រប់គ្រងផ្ទាល់។ ២. មន្ត្រីរដ្ឋបាលកីឡាចូលរួមប្រកួតត្រូវបន្ថែមតួនាទី ពិនិត្យថែរក្សាសុវត្ថិភាពក្រុមកីឡា ដោយមិនឱ្យអ្នកណាម្នាក់ចាកចេញពីសណ្ឋាគារ ដោយគ្មានការអនុញ្ញាតឡើយ ក្រៅពីទៅហ្វឹកហាត់មុនប្រកួត និងទៅទីលានប្រកួត និងត្រឡប់មកវិញ ត្រូវស្ថិត នៅក្នុងសណ្ឋាគារយ៉ាងស្ងៀមស្ងាត់។

៣. បង្កើតក្រុម Telegram ផ្ដល់ព័ត៌មានភ្លាមៗ ទទួលព័ត៌មាន ឬបទបញ្ជា ដើម្បីអនុវត្ត និងដោះស្រាយរាល់បញ្ហាកើតឡើង។ ៤. ថ្នាក់ដឹកនាំ មន្ត្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និង កីឡា ដែលទៅចូលរួមទាំងអស់ត្រូវបានបែងចែកការការពារ ថែរក្សាសុវត្ថិភាព ទៅតាមទីតាំងស្នាក់នៅ និងទីលានប្រកួតរបស់កីឡាករ ទាំងបីទីក្រុង គឺ បាងកក ប៉ាតាយ៉ា និងស៊ុងខ្លា។ ៥. ខ្ញុំបាទ វ៉ាត់ ចំរើន ក្នុងនាមអគ្គលេខាធិការ និងមន្ត្រីច្បាប់ម្នាក់ ឯកឧត្តម ពេជ អង្គ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រៀមអន្តរាគមន៍ថ្នាក់លើផ្ទាល់ ដើម្បីដោះស្រាយបញ្ហាជាយថាហេតុនានាឱ្យបានទាន់ពេលវេលា។
ឯកឧត្តម វ៉ាត់ ចំរើន សង្កត់ធ្ងន់ថា ឯកឧត្តម លោកជំទាវ លោក លោកស្រី កីឡាករ កីឡាការិនី ប្រតិភូកីឡាកម្ពុជាពិតប្រាកដ ដែលត្រូវត្រៀមចូលរួមនាពេលនេះ មានចំនួនសរុប ៣៣២ នាក់ កីឡាករ-កីឡាការិនី ២២២ នាក់ គ្រូបង្វឹក-គ្រូជំនួយ ៦៣នាក់ ថ្នាក់ដឹកនាំ មន្ត្រីកីឡា និងគ្រូពេទ្យ ៤៣នាក់។
ជាមួយគ្នានេះ អគ្គលខាធិការ NOCC អះអាងថា ការចូលរួមប្រកួតលើកនេះ កម្ពុជាប្រាកដណាស់មិនអាចដណ្ដើមជ័យលាភីចំនួនមេដាយ ដូចឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះបាននោះទេ ពីព្រោះស្ថានភាពខុសគ្នាឆ្ងាយ ទាំងប្រភេទ កីឡាល្អៗ ខ្លាំងៗ មិនមានដាក់ក្នុងកម្មវិធីប្រកួត កីឡាករកូនខ្មែរក្រៅប្រទេស ភាគច្រើនមិនបានចូលរួមប្រកួត កីឡាករ កីឡាការិនីម្ចាស់មេដាយមាសមួយចំនួនចូលនិវត្តន៍ ពិសេសកីឡាប្រពៃណី អត្តសញ្ញាណជាតិ ដូចជា គុនខ្មែរ គុនល្បុក្កតោ អុកចក្រត្រង្គ ជាដើមមិនមានក្នុងកម្មវិធីប្រកួត។
ក្នុងនាមតំណាងប្រតិភូកីឡាកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតដល់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ដ្រីកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ សម្រេចឱ្យចូលរួមប្រកួត ដោយប្រុងប្រយ័ត្នរក្សាសុវត្ថិភាពជាចម្បងដល់ កីឡាករ កីឡាការិនី និងមន្ត្រីកីឡាទាំងអស់។ ឯកឧត្តមថ្លែងអំណរគុណសារជាថ្មីដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិបានផ្ដល់ការឧបត្ថម្ភគាំទ្រជាប្រចាំដល់ការហាត់ហ្វឹកហ្វឺន និងការចូលរួមប្រកួតប្រកបដោយមោទនភាពជាតិ នៅក្នុងព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំតំបន់អាស៊ាន រៀងរាល់២ឆ្នាំម្តងមួយនេះ៕
ដោយ ហេង ណាលីន





