ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ បើកម្ពុជាមិនបញ្ជូនប្រតិភូកីឡា ចូលរួមប្រកួតស៊ីហ្គេម នៅថៃ យើងនឹងបាក់មុខក្នុងអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥--ការមិនចូលរួមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ឆ្នាំ២០២៥ គឺមានន័យថា កម្ពុជាធ្វើពហិការមិនត្រឹមតែម្ចាស់ផ្ទះថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពហិការចំពោះអាស៊ានតែម្តង ពីព្រោះស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាអាស៊ាន ដែលមានគណៈកម្មការអាស៊ានជាអ្នកត្រួតពិនិត្យ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអាស៊ាន ហើយកម្ពុជានឹងបាក់មុខក្នុងអាស៊ាន។

នេះជាការគូសបញ្ជាក់របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពស់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដមន្ត្រីកម្ពុជា នៅក្នុងពិធីសំណេះសំណាល កាលពីរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ២០២៥ នៅវិមានសន្តិភាពជាមួយប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីកម្ពុជាលើ២១ប្រភេទកីឡា សរុប ៣៣២នាក់។

រដ្ឋមន្ត្រីក្រសួងអប់រំគូសបញ្ជាក់ថា បើទោះបីជារដ្ឋមន្ត្រីកីឡារបស់ថៃធ្លាប់បានលើកឡើងថា មិនឱ្យកម្ពុជាចូលរួម ឬមិនចូលរួមក្តី ក៏សិទ្ធិនេះសម្រេចលើអាស៊ាន មិនមែនម្ចាស់ផ្ទះថៃនោះទេ។ បើកម្ពុជាមិនចូលរួមប្រកួតស៊ីហ្គេម គឺគេនឹងវាយប្រហារយើងថា យើងបំបាក់មុខអាស៊ានតែម្តង ខណៈប្រទេសម៉ាឡេស៊ីខិតខំដុតដៃដុតជើងជួយស្វែងរកសន្តិភាពរវាងកម្ពុជា និងថៃ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សង្កត់ធ្ងន់ថា ៖«យើងយល់ឃើញថា ម្ចាស់ផ្ទះថៃត្រូវមានកាតព្វកិច្ចក្នុងការថែរក្សាសុវត្ថិភាពរបស់ប្រតិភូកីឡាយើង ហើយប្រសិនបើកីឡាករ កីឡាការិនីយើងមានបញ្ហា វានឹងធ្វើឱ្យបាក់មុខម្ចាស់ផ្ទះ។ ទន្ទឹមនឹងនោះ ក្រុមកីឡាករ កីឡាការិនីក្នុងក្រុមនីមួយៗត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការទំនាក់ទំនងផ្ទាល់ជាមួយអ្នកគ្រប់គ្រប់ និងត្រូវចុះវត្តមានប្រចាំថ្ងៃ ដើម្បីសុវត្ថិភាព»។

ឯកឧត្តមបន្ថែមថា មុននឹងសម្រេចបញ្ជូនប្រតិភូកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥ នៅថៃនេះ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត បានពិភាក្សា ថ្លឹងថ្លែង មុននឹងសម្រេច ដើម្បីផលប្រយោជន៍ និងកិត្តិយសជាតិ បើយើងមិនចូលរួម កម្ពុជានឹងបាក់មុខក្នុងអាស៊ាន ហើយបើយើងមានបញ្ហាអ្វីនោះ ម្ចាស់ផ្ទះថៃនឹងបាក់មុខ ហើយកម្ពុជានឹងចាត់វិធានការយ៉ាងតឹងរឹង ដើម្បីការពារឱ្យមានសុវត្ថិភាព និងត្រូវបានរបាយការណ៍ប្រចាំថ្ងៃ ដើម្បីជម្រាបរាយការណ៍ជូនដល់សម្តេចធិបតីនាយករដមន្ត្រីជាប្រចាំ។ គួរបញ្ជាក់ថា ការប្រកួតកីឡាស៊ីហ្គេម នៅថៃ គ្រោងនឹងដំណើការជាផ្លូវការពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥៕
ដោយ ហេង ណាលីន





