ម៉ាឡេស៊ីស្វែងរកការជំរុញកិច្ចសហប្រតិបត្តិការនាំចេញផ្លែទុរេនជាមួយ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក អាម៉ាដ ហ្សាហ៊ីដ ហាមីឌី (Ahmad Zahid Hamidi) ឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានអំពាវនាវឱ្យមានកិច្ចសហការកាន់តែខ្លាំងជាមួយពាណិជ្ជករចិន ដើម្បីពង្រីកសកម្មភាពដាំដុះផ្លែទុរេន និងចម្ការទុរេនប្រភេទ Musang King នៅក្នុងប្រទេសម៉ាឡេស៊ី។
ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលលោកឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ លោកបាននិយាយថា ផ្លែទុរេនម៉ាឡេស៊ីមានសក្តានុពលដ៏ធំ និងទទូលបានការស្វាគមន៍យ៉ាងខ្លាំងនៅក្នុងប្រទេសចិនដោយលោកបានបន្ថែមថា ការទូតទុរេនមិនមែនគ្រាន់តែជាការទូតនោះទេប៉ុន្តែវាគឺជាអាជីវកម្មទុរេន។
កាលពីឆ្នាំមុន នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) បាននិយាយថា ការនាំចេញផ្លែទុរេនរបស់ប្រទេសនេះទៅកាន់ប្រទេសចិនបានឈានដល់ប្រមាណជិត ២ប៊ីលានរីងហ្គីត(២៤១លានដុល្លារអាម៉េរិក) ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងគួរឱ្យកត់សម្គាល់ ខណៈដែលការនាំចេញបច្ចុប្បន្នគ្របដណ្តប់ត្រឹមតែមួយ ឬពីរខេត្តប៉ុណ្ណោះនៅក្នុងប្រទេស។
កាលពីខែមុន ក្រសួងកសិកម្ម និងសន្តិសុខស្បៀង បានបង្ហាញថាប្រទេសម៉ាឡេស៊ីបាននាំចេញផ្លែទុរេនស្រស់ និងសាច់ទុរេន និងម្សៅ សរុបចំនួន ១១៥.៣៥៩តោន ដែលមានតម្លៃ ៦,៣៧ប៊ីលានរីងហ្គីតទៅកាន់ប្រទេសចិននៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០២៥។ តម្លៃនាំចេញផ្លែទុរេនម៉ាឡេស៊ីត្រូវបានគេព្យាករថានឹងឈានដល់ ១,៨ប៊ីលានរីងហ្គីតនៅត្រឹមឆ្នាំ២០៣០ ដែលពាក់ព័ន្ធនឹងបរិមាណនាំចេញចំនួន ៦៩.០០០តោន៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





