លោក ទេព រិទ្ធីវិទ្ធ៖ វាយកូនបាល់កម្ពុជាធ្វើម្ចាស់ផ្ទះ ពានរង្វាន់ទេព ឃុនណា ជោគជ័យប្រកបដោយគុណភាពកម្រិតអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥--លោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា លើកទី៣០ ឆ្នាំ២០២៥ ដែលជាព្រឹត្តិការណ៍អន្តរជាតិមាន២១ប្រទេសចូលរួម គឺទទួលបានជោគជ័យជាមួយនឹងរៀបចំរបស់កម្ពុជាស្ថិតក្នុងកម្រិតគុណភាពអន្តរជាតិដូចគ្នា។

នេះជាការគូសបញ្ជាក់របស់លោកអគ្គលេខាធិការ ក្នុងឱកាសបិទបញ្ចប់ការប្រកួតពានរង្វាន់ទេព ឃុនណា លើកទី៣០ ប្រចាំឆ្នាំ២០២៥ រយៈពេល២សប្តាហ៍ ក្នុងនោះសប្តាហ៍ទី២បានដំណើរការ និងបិទបញ្ចប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីលានវាយកូនបាល់នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ។

លោក ទេព រិទ្ធីវិទ្ធ បានលើកឡើងថា អ្វីដែលយើងរីករាយ គឺព្រឹត្តិការណ៍នេះមានកីឡាករ កីឡាការិនីចូលរួមប្រកួតប្រជែងជាង ៥០នាក់មកពី២១ប្រទេស ក្នុងរយៈពេល២សប្តាហ៍។ អ្វីដែលធ្វើឱ្យលោកសប្បាយចិត្តថែមទៀតនោះ គឺកីឡាករ១រូបក្នុងចំណោម៣រូបរបស់កម្ពុជាបានជាប់នៅក្នុងតារាងចំណាត់របស់សហព័ន្ធកីឡាវាយកូនបាល់អន្តរជាតិ និងអាស៊ីដែលអាចចាត់ទុកបានថា កីឡាករវ័យក្មេងកម្ពុជាកំពុងបោះជំហានវិវឌ្ឍសមត្ថភាពឆ្ពោះទៅរកភាពខ្លាំងបណ្តើរៗហើយ។

ក្នុងនាមលោកស្ថាបនិករៀបចំការប្រកួតនេះ លោកអគ្គលេខាធិការក៏មានមោទនភាពដែរ ដែលព្រឹត្តិការណ៍ពានរង្វាន់ ទេព ឃុនណា ជាការរម្លឹកដឹងគុណចំពោះឪពុករបស់លោកគឺលោក ទេព ឃុនណា អតីកីឡាករលំដាប់ទី១របស់កម្ពុជា កាលពីអតីកាល ហើយលោកបានវិវឌ្ឍព្រឹត្តិការណ៍មួយនេះពីការប្រកួតថ្នាក់ជាតិ កន្លងមក ឱ្យក្លាយទៅក្លាយទៅជាការប្រកួតកម្រិតអន្តរជាតិមានប្រទេសជាច្រើនមកចូលរួមច្រើនជាបន្តបន្ទាប់។

សង្កត់ធ្ងន់បន្ថែមពីលើនេះ លោកចាត់ទុកថា ការប្រកួតកីឡាវាយកូនបាល់ ពានរង្វាន់ ទេព ឃុនណា ជាការផ្តល់ឱកាសជូនដល់កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ ជាពិសេសកីឡាករ កីឡាការិនីម្ចាស់ផ្ទះកម្ពុជា។ តាមរយៈការខិតខំរៀបចំការប្រកួតកម្រិតអន្តរជាតិ ជាបន្តបន្ទាប់បែបនេះ លោកជឿជាក់ថា កីឡាករ កីឡាការិនីកម្ពុជានឹងបង្កើនបានគុណភាពបច្ចេកទេសកាន់តែល្អប្រសើរបន្ថែមទៀត និងអាចឈានដល់កម្រិតខ្ពស់ៗជាមួយនឹងលទ្ធផលល្អៗជូនជាតិ នាថ្ងៃអនាគតផងដែរ។
គួរបញ្ជាក់ថា ការប្រកួតលើវិញ្ញាសាប្រកួតបុរសឯកក្តជន បានទៅលើកីឡាករកូរ៉េ គឺកីឡាចិន ZICAN YANG បន្ទាប់ពីយកឈ្នះកីឡាករប្រទេសកូរ៉េខាងត្បូង Shin Jaejun ក្រោយយកឈ្នះកីឡាករចិន Ruochen Gao ក្នុងលទ្ធផល 6–2, 1–6, 6–1 ខណៈម្ចាស់ជើងឯកនារីឯកត្តជន ក្តោបក្តាប់ដោយកីឡាការិនីម៉ាឡេស៊ី Daania Daniella Hazli បន្ទាប់ពីបានយកឈ្នះកីឡាការិនីចិន Zijie Yang ក្នុងលទ្ធផល 6–1, 6–3។ ចំពោះជ័យលាភីម្ចាស់ជើងឯក លើវិញ្ញាសាវាយគូនារីបានទៅលើកីឡាការិនីម៉ាឡេស៊ី Daania Daniella Hazli និងកីឡាការិនីសិង្ហបុរី Kai Ning Chanya Ng ក្រោយឈ្នះកីឡាការិនីចិន Zican Yang (CHN) ចាប់ដៃគូជាមួយកីឡាការិនីកូរ៉េខាងត្បូង Ha-An Park ក្នុងលទ្ធផល 6–1, 6–3 ខណៈជើងឯក Boys’ Doubles បានទៅលើកីឡាករកូរ៉េ Shin Jaejun និងកីឡាករ Bon Hong Koo បន្ទាប់ពីបានយកឈ្នះ Joakim Gunawan និង Ruochen Gao នៅវគ្គផ្តាច់ព្រ័ត្រ 6–2, 6–3៕
ដោយ ហេង ណាលីន (រូបភាព៖ យឹម សុវឌ្ឍនា)





