ម៉ាឡេស៊ីមានគោលបំណងស្វាគមន៍ភ្ញៀវទេសចរប្រមាណជិត ៥០លាននាក់នៅក្នុងឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ -- វិស័យទេសចរណ៍របស់ប្រទេសម៉ាឡេស៊ីត្រូវបានកំណត់សម្រាប់កំណើនដ៏រឹងមាំជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២៥ ដោយចំនួនភ្ញៀវទេសចរអន្តរជាតិកើនឡើងយ៉ាងខ្លាំងបើប្រៀបធៀបទៅនឹងឆ្នាំ២០២៤។
ចាប់ពីខែមករាដល់ខែកក្កដា ប្រទេសម៉ាឡេស៊ីបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសចំនួន ២៤,៥លាននាក់ ដែលកើនឡើង ១៦,៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ នេះបើយោងតាមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌របស់ប្រទេសម៉ាឡេស៊ី។
ការចំណាយលើវិស័យទេសចរណ៍បានកើនឡើង ១៧៤% ដែលឈានដល់តម្លៃ ១៦១,៩ប៊ីលានរីងហ្គីត (ប្រមាណជិត ៤០ប៊ីលានដុល្លារអាម៉េរិក) ដោយក្នុងឆ្នាំ២០២៤ វិស័យទេសចរណ៍បានរួមចំណែក ១៥,១% នៃផលិតផលក្នុងស្រុកសរុប ឬ ២៩១,៩ប៊ីលានរីងហ្គីត ដែលជាការកើនឡើងពី១៤,៩% ឬ ២៧១,៩ប៊ីលានរីងហ្គីតពីឆ្នាំ២០២៣។
ប្រទេសម៉ាឡេស៊ីបានស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៣៨លាននាក់ក្នុងឆ្នាំ២០២៤ ដោយកើនឡើង ៣១,១% ពីមួយឆ្នាំទៅមួយឆ្នាំ។ ការចំណាយលើវិស័យទេសចរណ៍បានកើនឡើង ៤៣,៧% ដែលមានតម្លៃ១០៦,៨ប៊ីលានរីងហ្គីត។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ លោក ទីអុង ឃីងស៊ីង (Tiong King Sing) បាននិយាយថា សន្ទុះវិជ្ជមាននេះបានបង្ហាញពីទំនុកចិត្តកាន់តែខ្លាំងឡើងនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងនាមជាគោលដៅទេសចរណ៍ដែលពេញចិត្ត។
លោកបាននិយាយថា ប្រទេសម៉ាឡេស៊ីនឹងពង្រឹងការផ្សព្វផ្សាយ និងទីផ្សារអន្តរជាតិ ដោយផ្តោតទៅលើការតភ្ជាប់ជើងហោះហើរ ហើយព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ និងអាជីវកម្មជាច្រើនទៀតនឹងត្រូវបានរៀបចំឡើង។
លោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះមានសារៈសំខាន់ខ្លាំងខណៈដែលប្រទេសនេះខិតខំជំរុញការទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួន ៤៧លាននាក់ និងប្រាក់ចំណូល ៨០ប៊ីលានដុល្លារអាម៉េរិកសម្រាប់កម្មវិធីទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





