នាយករដ្ឋមន្ត្រីចិនអញ្ជើញមកដល់ប្រទេសហ្សំប៊ីសម្រាប់ដំណើរទស្សនកិច្ចផ្លូវការ
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីចិន លោក លីឈាង (Li Qiang) បានមកដល់រដ្ឋធានីលូសាកា ប្រទេសហ្សំប៊ី កាលពីថ្ងៃពុធ សម្រាប់ដំណើរទស្សនកិច្ចជាផ្លូវការទៅកាន់ប្រទេសអាហ្វ្រិក។
លោក លី បាននិយាយថា ប្រទេសហ្សំប៊ី គឺជាប្រទេសដំបូងគេនៅតំបន់អាហ្វ្រិកខាងត្បូង ដែលបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ហើយប្រទេសទាំងពីរចែករំលែកប្រពៃណីមិត្តភាពយ៉ាងជ្រាលជ្រៅ។
លោកបានមានប្រសាសន៍ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ទោះបីជាមានការផ្លាស់ប្តូរក៏ដោយ ប្រទេសចិន និងហ្សំប៊ី តែងតែគោរព ទុកចិត្ត និងគាំទ្រគ្នាទៅវិញទៅមក ដោយរួមគ្នាបង្កើតស្មារតីមិត្តភាព និងកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក រួមទាំងស្មារតីផ្លូវដែកតង់ហ្សានី-ហ្សំប៊ី។
លោក លី បានកត់សម្គាល់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និងប្រធានាធិបតីហ្សំប៊ី លោក ហាកែនដេ ហ៊ីឈីឡេម៉ា (Hakainde Hichilema) ប្រទេសទាំងពីរបានពង្រឹងទំនុកចិត្តគ្នាទៅវិញទៅមកខាងនយោបាយ និងសម្រេចបានលទ្ធផលផ្លែផ្កានៅក្នុងវិស័យផ្សេងៗ ដោយកំណត់គំរូនៃសាមគ្គីភាព និងកិច្ចសហការក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍។
លោក លី បាននិយាយថា ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលទីក្រុងប៉េកាំងនៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) កាលពីខែកញ្ញាឆ្នាំមុន ប្រមុខរដ្ឋទាំងពីរបានធ្វើកិច្ចប្រជុំមួយដែលបានចង្អុលបង្ហាញទិសដៅសម្រាប់ការពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយរវាងប្រទេសចិន និងហ្សំប៊ី។
លោក លី បានមានប្រសាសន៍ថា ប្រទេសចិនត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសហ្សំប៊ី ដើម្បីបន្តមិត្តភាពប្រពៃណី ពង្រឹងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក លើកកម្ពស់ការយោគយល់គ្នាទៅវិញទៅមក និងចំណងមិត្តភាពរវាងប្រជាជនទាំងពីរនិងឈានទៅមុខជាមួយគ្នាលើមាគ៌ានៃទំនើបកម្ម។
ដំណើរទស្សនកិច្ចរបស់លោក លី បានកើតឡើងបន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំលើកទី២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាលនៃរដ្ឋជាសមាជិកនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុងមូស្គូ ប្រទេសរុស្ស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





