ការប្រណាំងម៉ូតូទឹក ក្នុងព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រកម្ពុជា បង្ហាញពីការរីកចម្រើនរបស់វិស័យកីឡាម៉ូតូទឹកកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥--ការប្រកួតកីឡាចម្រុះ និងទស្សនីយភាពសិល្បៈវប្បធម៌ជាច្រើននឹងត្រូវបង្ហាញផ្សព្វផ្សាយ ក្នុងព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់អភិវឌ្ឍន៍ឆ្នេរតារាសាគរ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ខណៈមន្ត្រីជាន់ខ្ពស់សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានចាត់ទុកថា ការប្រណាំងម៉ូតូទឹកនេះបង្ហាញពីការរីកចម្រើនរបស់ជំនាញកីឡារបស់កម្ពុជាមួយនេះដែលកំពុងរីកចម្រើនគួរឱ្យកត់សម្គាល់។

លោក មាស ម៉ាប់ អគ្គលេខាធិការ សហព័ន្ធកីឡាម៉ូតូទឹកកម្ពុជាបានគូសបញ្ជាក់ថា ការរៀបចំប្រណាំងប្រភេទកីឡាម៉ូតទឹក នៅក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះបានបង្ហាពីការរីកចម្រើនរបស់វិស័យកីឡាម៉ូតូទឹកកម្ពុជា ដោយទទួលបានការគាំទ្រ និងការអនុញ្ញាតពីក្រសួងទេសចរណ៍។ អគ្គលេខាធិការរូបនេះបន្ថែមថា ប្រភេទកីឡាម៉ូតូទឹកនឹងមានសមាភាពកីឡាករល្បីៗចូលរួមបង្ហាញសមត្ថភាពជូនដល់មហាជន។

តាមរយៈព្រឹត្តិការណ៍ដ៏ធំមួយនេះ លោកអគ្គលេខាធិការបានចាត់ទុកថា នេះជាការបំផុសការផ្សព្វផ្សាយម៉ូតូទឹក ស្របពេលដែលនៅលើឆាកអន្តរជាតិ ម៉ូតូទឹកជាប្រភេទកីឡាដ៏មានប្រជាប្រិយភាព ខណៈវិស័យកីឡាម៉ូតូទឹកកម្ពុជាមានសក្តានុពលខ្ពស់ ធ្លាប់ដណ្តើមបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងការប្រកួតកម្រិតជើងឯកពិភពលោក និងអន្តរជាតិនានា នាពេលកន្លងមក ក្រោមការដឹកនាំរបស់វីរកីឡាករ សាលី អ៊ូមើត កីឡាករ សាលី ហ្វីលីន កីឡាករ មីន មូស្តាន កីឡាករ មីន អូស្មាន់ ក៏ដូចជាកីឡាករ កៃវ៉ាន់ ស៊ីដែន និងកីឡាករថ្នាលជាច្រើនរូបទៀត។

សង្កត់ធ្ងន់បន្ថែមពីលើនេះ អគ្គលេខាដដែលលើកឡើងទៀតថា តាមរយៈការផ្សព្វផ្សាយកីឡាម៉ូតូទឹក នៃគោលដៅនៃព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់នោះ ដូចជាបុណ្យទន្លេ បុណ្យសមុទ្រជាដើមនោះនឹងរួមចំណែកជួយទាក់ទាញ់ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបង្ហាញពីសក្តានុពលកីឡាម៉ូតូទឹកផងដែរ។

ការរៀបចំនេះទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពីក្រសួងទេសចរណ៍ សហការជាមួយដៃគូជាច្រើន ដោយព្រឹត្តិការណ៍តារាសាគរសាទរទេសចរណ៍សមុទ្រកម្ពុជាមានសកម្មភាពកីឡាជាច្រើន ដូចជារត់ពាក់កណ្ដាលម៉ារ៉ាតុង ប្រណាំងកង់ ម៉ូតូទឹក បាល់ទះឆ្នេរខ្សាច់ និងប្រដាល់គុនខ្មែរ រួមទាំងសកម្មភាពផ្នែកផ្សេងៗជាច្រើនទៀត ក្នុងនោះមានការប្រកួតស្ទួចត្រី ដើម្បីជំរុញព្រឹត្តិការណ៍កាន់តែអធិកអធមថែមទៀតផងដែរ។
គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤-២០២៥នេះ វីរកីឡាករ សាលី អ៊ូមើត បានទិញដីកសាងទីលានម៉ូតូទឹក នៅឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ មានទំហំផ្ទៃដី១១ហិចតា ដោយចំណាយថវិការាប់សិបម៉ឺនដុល្លារ ដែលដាក់ឈ្មោះថា ទីលានម៉ូតូទឹកក្រសួងមហាផ្ទៃ ដើម្បីជំរុញដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិម៉ូតូទឹក ត្រៀមការប្រកួតជើងឯកថ្នាក់ជាតិ និងអន្តរជាតិនានា ជាពិសេស World Jet Ski ដែលធ្វើឡើងជារៀងរាល់ឆ្នាំដល់ទៅ ៤ស៊េរីឯណោះ៕
ដោយ ហេង ណាលីន





