ឥណ្ឌូនេស៊ី និងចិន បើកវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាសមុទ្រដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពណ៌ខៀវ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- កម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យាសមុទ្រចិន-ឥណ្ឌូនេស៊ី ដែលរៀបចំរួមគ្នាដោយវិទ្យាស្ថានសមុទ្រវិទ្យាទីមួយ ក្រោមក្រសួងធនធានធម្មជាតិចិន និងក្រសួងកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ី បានបើកកាលពីថ្ងៃចន្ទ។
កម្មវិធីរយៈពេល ៤ថ្ងៃនេះមានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងសេដ្ឋកិច្ចពណ៌ខៀវ តាមរយៈការផ្លាស់ប្តូរបច្ចេកទេស និងការចែករំលែកចំណេះដឹង។
លោក អ៊ី យ៉ូម៉េន រ៉ាឌីអាតា (I Nyoman Radiarta) ប្រធានទីភ្នាក់ងារពង្រីក និងអភិវឌ្ឍន៍ធនធានមនុស្សសមុទ្រ និងនេសាទ នៅក្រសួងកិច្ចការសមុទ្រ និងនេសាទ បាននិយាយថា ការបង្កើនសមត្ថភាពសមុទ្រគឺមានសារៈសំខាន់ណាស់ ហើយប្រទេសឥណ្ឌូនេស៊ីកំពុងជំរុញកម្មវិធីជាតិស្តីពីសេដ្ឋកិច្ចពណ៌ខៀវ ការការពារសមុទ្រ និងការនេសាទប្រកបដោយចីរភាព។
លោក កុង ប៉ៃលីន (Cong Bailin) នាយកមជ្ឈមណ្ឌលសមុទ្រ និងអាកាសធាតុចិន-ឥណ្ឌូនេស៊ី បាននិយាយថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរចនាឡើងដើម្បីបំពេញតម្រូវការរបស់ប្រទេសឥណ្ឌូនេស៊ី ហើយប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងការផ្លាស់ប្តូរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសមុទ្រជាមួយប្រទេសឥណ្ឌូនេស៊ី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





