ជនជាតិអ៊ីស្រាអែលម្នាក់ស្លាប់ និង ៣នាក់រងរបួសក្នុងការវាយប្រហារនៅតំបន់វេសប៊ែង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- មន្ត្រីអ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់ និង៣នាក់ទៀតរងរបួសនៅក្នុងការវាយប្រហារដោយចាក់សម្លាប់នៅតំបន់វេសប៊ែង កាលពីថ្ងៃអង្គារដែលធ្វើឡើងដោយជនសង្ស័យប៉ាឡេស្ទីនចំនួន ២នាក់ ហើយត្រូវបានបាញ់សម្លាប់ដោយកងកម្លាំងសន្តិសុខ។ គ្មានក្រុមណាមួយអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។
យោធាបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅចំណុចប្រសព្វនៃតំបន់ Gush Etzion ដែលជាចំណុចប្រសព្វដ៏សំខាន់មួយនៅក្នុងប្លុកតាំងទីលំនៅមួយនៅភាគខាងត្បូងនៃទីក្រុងហ្សេរុយសាឡឹម។
សេវាជួយសង្គ្រោះ United Hatzalah ដែលជាសេវាសង្គ្រោះបន្ទាន់ក្នុងស្រុក បាននិយាយថា ក្រុមវាយប្រហារបានព្យាយាមបុកអ្នកធ្វើដំណើរដោយយានយន្តរបស់ពួកគេ មុនពេលចុះពីលើរថយន្ដ ហើយចាក់សម្លាប់មនុស្ស។ ក្រុមនេះបាននិយាយថា ជនសង្ស័យទាំងពីរនាក់ត្រូវបានបាញ់សម្លាប់នៅកន្លែងកើតហេតុ និងបានបោះពុម្ពផ្សាយរូបថតមួយដែលបង្ហាញពីម្នាក់ក្នុងចំណោមពួកគេដេកលើដីជាមួយនឹងកាំបិតផ្ទះបាយនៅក្បែរដៃរបស់ជននោះ។
សេវាជួយសង្គ្រោះ Magen David Adom របស់អ៊ីស្រាអែលបាននិយាយថា ជនជាតិអ៊ីស្រាអែលចំនួន ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយស្ត្រីម្នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ និងបុរសម្នាក់ និងក្មេងប្រុសអាយុ១៥ឆ្នាំម្នាក់ដែលរងរបួសស្ថិតក្នុងកម្រិតមធ្យម។
សេវានេះបាននិយាយថា អ្នកស្លាប់ត្រូវបានកំណត់ថាជាបុរសម្នាក់អាយុ៣០ឆ្នាំ ដែលបានស្លាប់ដោយសារការចាក់នៅកន្លែងកើតហេតុ។
ការវាយប្រហារនេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងនៅក្នុងតំបន់វេសប៊ែង ចំពេលមានការវាយប្រហារស្ទើរតែរាល់ថ្ងៃដោយអ្នកតាំងលំនៅអ៊ីស្រាអែលលើប្រជាជនប៉ាឡេស្ទីន និងទ្រព្យសម្បត្តិរបស់ពួកគេរួមជាមួយនឹងបទឈប់បាញ់ដ៏ផុយស្រួយមួយដែលសម្រេចបានកាលពីខែមុននៅតំបន់ហ្គាហ្សា៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





