លោក ពូទីន ជួបជាមួយប្រមុខរដ្ឋាភិបាលសមាជិកអង្គការសហប្រតិបត្តិការសៀងហៃនៅវិមានក្រឹមឡាំង
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានជួបប្រជុំនៅវិមានក្រឹមឡាំងជាមួយបណ្តានាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃរដ្ឋជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ដែលបានទៅដល់ទីក្រុងម៉ូស្គូសម្រាប់កិច្ចប្រជុំក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល។
លោក ពូទីន ត្រូវបានគេរំពឹងថានឹងជួបប្រជុំទ្វេភាគីជាមួយភ្ញៀវជាច្រើននៅពេលក្រោយ ជាពិសេសជាមួយនាយករដ្ឋមន្ត្រីចិន លោក លីឈៀង (Li Qiang)។
កិច្ចប្រជុំនៅវិមានក្រឹមឡាំងនោះក៏មានការចូលរួមពីនាយករដ្ឋមន្ត្រីរុស្ស៊ីលោក មីឃែល មីស៊ូស្ទីន (Mikhail Mishustin) អនុប្រធានាធិបតីអ៊ីរ៉ង់លោក ម៉ូហាំម៉ាដ រ៉េហ្សា អារ៉េហ្វ (Mohammad Reza Aref) នាយករដ្ឋមន្ត្រីបេឡារុស្ស លោក អាឡិចសាន់ឌឺ តួកជីន (Alexander Turchin)លោក អូលចាស ប៊ែកតេណូវ (Oljas Bektenov) នៃប្រទេសកាហ្សាក់ស្ថាន លោក អាឌីលប៊ែក កាស៊ីម៉ាលីយ៉េវ (AdylbekKasymaliyev) នៃប្រទេសកៀហ្ស៊ីស៊ីស្ថាន លោក កូឃីរ រ៉ាស៊ុលហ្សូដា(Kokhir Rasulzoda) នៃប្រទេសតាជីគីស្ថាន និងលោក អាប់ឌុលឡា អារីប៉ូវ (Abdulla Aripov) នៃប្រទេសអ៊ូសបេគីស្ថាន ក៏ដូចជារដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់នីយ៉ាំ ចៃស្សាន់ការ(Sibrahmanyam Jaishankar) អ្នកការទូតកំពូលរបស់ប្រទេសប៉ាគីស្ថានលោក មូហាំម៉ាដ អ៊ីសាក ដារ (Muhammad Ishaq Dar) និងអគ្គលេខាធិការអង្គការ SCO លោក ន័រលែន យើមេកបាយ៉េវ (NurlanYermekbayev)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





