មន្ត្រីម៉ាឡេស៊ី៖ វិស័យសេវាកម្មអាស៊ានត្រូវតែផ្លាស់ប្តូរដើម្បីដឹកនាំសេដ្ឋកិច្ចពិភពលោក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- លោក លីវ ជីនតុង (LiewChin Tong) អនុរដ្ឋមន្ត្រីក្រសួងវិនិយោគ ពាណិជ្ជកម្ម និងឧស្សាហកម្មម៉ាឡេស៊ី បានអំពាវនាវឱ្យមានការផ្លាស់ប្តូរវិស័យសេវាកម្មរបស់អាស៊ានដោយសង្កត់ធ្ងន់ថា តំបន់ត្រូវតែគិតឡើងវិញអំពីមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីរក្សាការប្រកួតប្រជែងនៅលើឆាកពិភពលោក។
ថ្លែងនៅក្នុងពិធីពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិអាស៊ាន(AIFTIS) ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ កាលពីពេលថ្មីៗនេះ លោក លីវបាននិយាយថា អាស៊ានលែងអាចចាត់ទុកវិស័យសេវាកម្ម និងផលិតកម្មជាវិស័យដាច់ដោយឡែកពីគ្នាទៀតហើយ។ ផលិតកម្ម និងសេវាកម្មមានទំនាក់ទំនងគ្នាទៅវិញទៅមកយ៉ាងស៊ីជម្រៅ។
លោកបានចែករំលែកថា ទោះបីជាពាណិជ្ជកម្មសេវាកម្មរបស់អាស៊ានបានកើនឡើង ១២,២% ដែលឈានដល់តម្លៃ ១,២៩ទ្រីលានដុល្លារអាម៉េរិកនៅក្នុងឆ្នាំ២០២៤ ដែលជំរុញដោយការងើបឡើងវិញនៃវិស័យទេសចរណ៍និងសកម្មភាពអាជីវកម្មឌីជីថលដ៏រឹងមាំក៏ដោយ ក៏រដ្ឋជាសមាជិកជាច្រើន រួមទាំងប្រទេសម៉ាឡេស៊ីផងនោះ នៅតែប្រឈមមុខនឹងឱនភាពរចនាសម្ព័ន្ធក្នុងពាណិជ្ជកម្មសេវាកម្ម ដែលជាភាពងាយរងគ្រោះដែលត្រូវតែដោះស្រាយតាមរយៈការសម្របសម្រួលគោលនយោបាយ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីដែលកាន់តែរឹងមាំ។
លោក លីវ បាននិយាយថា ភាពជោគជ័យនៃកម្មវិធី AIFTIS ឆ្នាំ២០២៥ នឹងពង្រឹងសមត្ថភាពរបស់អាស៊ានក្នុងការក្លាយជាមជ្ឈមណ្ឌលសកលលោកសម្រាប់សេវាកម្មវិជ្ជាជីវៈ ដែលមានតម្លៃខ្ពស់។ កម្មវិធី AIFTIS ឆ្នាំ២០២៥ គឺជាជំហានយុទ្ធសាស្ត្រមួយនៅក្នុងមហិច្ឆតារបស់អាស៊ាន ក្នុងការបង្កើត មិនមែនគ្រាន់តែដើរតាមអនាគតនៃពាណិជ្ជកម្មសេវាកម្មសកលលោកនោះទេ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





