តុលាការថៃបង្គាប់ឱ្យអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បង់ពន្ធជាង ៥០០លានដុល្លារអាម៉េរិក
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ -- តុលាការកំពូលថៃបានលុបចោលសេចក្តីសម្រេចមុនៗ ហើយបានបញ្ជាឱ្យអនុវត្តការប្រមូលពន្ធចំនួន ១៧,៦ប៊ីលានបាត (ជាង ៥៤០លានដុល្លារអាម៉េរិក) ពីអតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា (Thaksin Shinawatra) ទាក់ទងនឹងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Shin Corporation។
អ្នកនាំពាក្យតុលាការកំពូលថៃ លោក ស៊ូរីយ៉ាន់ ហុងវីល័យ (SuriyanHongvilai) បាននិយាយថា តុលាការកំពូលបានលុបចោលសេចក្តីសម្រេចរបស់តុលាការឧទ្ធរណ៍ក្នុងសំណុំរឿងពន្ធដារ ដោយបង្ខំឱ្យលោក ថាក់ស៊ីនអនុវត្តតាមបញ្ជារបស់នាយកដ្ឋានចំណូលក្នុងការបង់ពន្ធ។
លោក ស៊ូរីយ៉ាន់ មិនបានផ្តល់ចំនួនទឹកប្រាក់ជាក់លាក់ដែលត្រូវបង់ ឬហេតុផលរបស់តុលាការសម្រាប់សេចក្តីសម្រេចរបស់ខ្លួននោះទេ។
ទន្ទឹមនឹងនេះដែរ ប្រព័ន្ធផ្សព្វផ្សាយថៃជាច្រើនបានរាយការណ៍ថាតុលាការបានបញ្ជាឱ្យលោក ថាក់ស៊ីន បង់ប្រាក់ពន្ធ និងពិន័យចំនួន ១៧,៦ប៊ីលានបាត។
នៅក្នុងឆ្នាំ២០០៦ លោក ថាក់ស៊ីន ត្រូវបានរារាំងដោយការចោទប្រកាន់ពីបទពុករលួយ និងជាប់គាំងក្នុងភាពចម្រូងចម្រាសជុំវិញការលក់ភាគហ៊ុនដោយមិនបង់ពន្ធនៅក្នុងក្រុមហ៊ុនរបស់លោក គឺក្រុមហ៊ុន Shin Corp។ ក្រោយមក នៅក្នុងឆ្នាំនោះដដែល លោកត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រីថៃដោយសាររដ្ឋប្រហារ ហើយបន្ទាប់មក លោកបាននិរទេសខ្លួនអស់រយៈពេលជាងមួយទសវត្សរ៍។
លោក ថាក់ស៊ីន បច្ចុប្បន្នកំពុងជាប់ពន្ធនាគារនៅទីក្រុងបាងកកពីបទពុករលួយក្នុងអំឡុងពេលដែលលោកកាន់តំណែង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





