ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា៖ ដំណើររឹងមាំពីមួយថ្ងៃទៅមួយថ្ងៃៗនៃប្រព័ន្ធសុខាភិបាលនាពេលនេះ គឺបានមកពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ដំណើររឹងមាំពីមួយថ្ងៃទៅមួយថ្ងៃៗនៃប្រព័ន្ធសុខាភិបាលនាពេលនេះ គឺបានមកពីមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រម បានចូលរួមយ៉ាងសកម្មក្នុងភារកិច្ចដឹកនាំវិស័យសុខាភិបាល។ ភាពរឹងមាំនៃប្រពន្ធ័សុខាភិបាលដែលទទួលបាននាពេលនេះកើតឡើងដោយសារមន្រ្តីសុខាភិបាលគ្រប់រូបៗចូលរួមចំណែកជួយដឹកនាំដឹកនាំវិស័យសុខាភិបាល ហើយសង្ឃឹមថា កម្រិតនៃភាពជាអ្នកដឹកនាំរបស់មន្រ្តីសុខាភិបាលនៅទូទាំងប្រទេសនឹងបន្តកើនឡើង ដែលធ្វើឱ្យមន្ត្រីយើងអាចពង្រើកលទ្ធភាពដឹកនាំនៅក្នុងវិស័យនេះ និងវិស័យផ្សេងៗទៀតនាពេលអនាគត។

នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុង វគ្គភាពអ្នកដឹកនាំ និងនវានុវត្តន៍តាមប្រព័ន្ធវីដេអូ (Zoom) និងផ្ទាល់ ដោយមានមន្រ្តីសុខាភិបាល គ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាលចូលរួម សរុបចំនួន ៣០៣៣នាក់ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាល បានកោតសរសើរមន្រ្តីសុខាភិបាលទាំងអស់ដែលមានភាពបុរេសកម្ម ក្នុងការត្រៀមខ្លួន និងចូលរួមបម្រើសេវាថែទាំ និងព្យាបាលដល់កងទ័ពនៅតាមតំបន់ព្រំដែនដែលផ្ទុះអាវុធ និងប្រជាជនដែលរងគ្រោះដោយការរំលោភបំពានពីភាគីថៃ ដែលថ្មីៗនេះ ធ្វើឱ្យប្រជាជន១រូបស្លាប់ និង៣នាក់ ទៀតរងរបួស ហើយត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីក៏បានចែករំលេកពីភាពប្លែកៗពីគ្នានៃភាពជាអ្នកដឹកនាំ សម្រាប់មុខងារក្នុងការងារដឹកនាំក្រៅពីការបម្រើសេវាសុខាភិបាល។ ការដឹកនាំនោះអាចកើតមាននៅតាមមណ្ឌលសុខភាព ស្រុកប្រតិបត្តិ រហូតដល់ការដឹកនាំនៅថ្នាក់រាជធានី ខេត្ត និងនៅថ្នាក់ជាតិ។ ភាពជាអ្នកដឹកនាំកាន់តែសំខាន់ថែមទៀតដោយសារតែជាការដឹកនាំមួយប្រភេទដែលទាក់ទងនឹងការកំណត់គោលនយោបាយ ដែលអាចប៉ះពាល់សុខុមាលភាពរបស់ប្រជាជនច្រើន ហើយការដឹកនាំវិស័យសុខាភិបាល ជាវិស័យមួយដែលទាក់ទងនឹងប្រជាជនគ្រប់រូប ដែលតម្រូវឱ្យអ្នកដឹកនាំត្រូវធ្វើការក្នុងភាពប្រាកដប្រជា និងមានយន្តការក្នុងការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព។លើសពីនេះប្រធានបទវិចារវិជ្ជាសម្ភារនិយម និងបានណែនាំឱ្យមន្រ្តីទាំងអស់យកចំណេះដឹងពីវគ្គនេះ ទៅរៀបចំជាយន្តការសម្រាប់ធ្វើការពិចារណា ដើម្បីឆ្លុះបញ្ចាំង និងធ្វើការហ្វឹកហាត់ ការគិតរបស់ខ្លួនឱ្យកាន់តែមានលក្ខណៈជាការគិតបែបគតិបណ្ឌិត។ ក្រុមការងារនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានចែករំលែកនូវបទពិសោធន៍ នៃការដឹកនាំមន្ទីរពេទ្យឱ្យមានការរីកចម្រើនខ្លាំងចាប់ពីឆ្នាំ២០១៥មក។

ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល បានផ្តល់ជូន និងរំលឹកចំណុចចម្បងៗសម្រាប់កែលម្អសេវាសុខាភិបាល នៅពេលដែលប្រទេសកម្ពុជាកំពុងវិវត្តន៍ទៅជាប្រទេសដែលមានចំណូលខ្ពស់នាពេលអនាគតរួមមាន៖ ១- ការបន្តខិតខំពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ២-ការប្រើប្រាស់បញ្ញាដោយភាពស្មោះត្រង់បំផុត និង៣- ការបង្កើតឱ្យមានឧត្តមភាពនៃសេវាថែទាំ និងព្យាបាល ដែលប្រការទាំង៣នេះនឹងឈរលើមូលដ្ឋាននៃធនធានសមស្រប ដោយសន្សំសំចៃ និងភាពរួបរួមគ្នាជាធ្លុងមួយរវាង ថ្នាក់ដឹកនាំ និងបុគ្គលិក នៅតាមមន្ទីរពេទ្យ សំដៅរក្សាទំនុកចិត្តខ្ពស់ពីគ្រប់បងប្អូនដែលមកទទួលសេវាសុខភាព៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងសុខាភិបាល)





