ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចាប់ផ្តើមទិញស្រូវស្រង៉ែស្រាលតាមកិច្ចសន្យាពីសហគមន៍កសិកម្មទំនើប ខេត្តបាត់ដំបង ជាង៣ម៉ឺនតោន
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមហ៊ុន វីរៈ ប៊ុនថាំ ចាប់ផ្តើមប្រមូលទិញស្រូវស្រង៉ែស្រាលជាង ៣០ ០០០ តោន ដោយក្នុងតម្លៃ៩៥០រៀលក្នុងមួយគីឡូក្រាម ពីសហគមន៍កសិកម្មទំនើបនៅក្នុងខេត្តបាត់ដំបង តាមកិច្ចសន្យា។

សូមបញ្ជាក់ថា មានបងប្អូនកសិករប្រមាណ២០០០គ្រួសារនៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលជាសមាជិកនៃសហគមន៍កសិកម្មទំនើបចំនួន៦ បានចុះកិច្ចព្រមព្រៀងធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុនវីរៈប៊ុនថាំ ក្រោមការសម្របសម្រួលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងការតភ្ជាប់ទីផ្សារនិងការធានាតម្លៃសមរម្យទុកជាមុន។

កសិករជាសមាជិក សហគមន៍កសិកម្មទំនើបទាំងអស់ក៏ទទួលបានការគាំទ្រខាងផ្នែកដើមទុន បច្ចេកទេស និងការកាត់បន្ថយចំណាយលើថ្លៃជីថ្នាំពីរដ្ឋផងដែរ៕

ដោយ ណយ នឿន





