មូលនិធិជនពិការក្រសួងសង្គមកិច្ចផ្តល់ផ្ទះថ្មី១ខ្នង ជូនគ្រួសារជនមានពិការភាពនៅខេត្តព្រះសីហនុ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី ឯកឧត្តម ខុម ផលលឿន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជានាយកមូលនិធិជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចុះប្រគល់ផ្ទះ«មូលនិធិជនពិការ» ១ខ្នង ជូនជនមានពិការភាពក្រីក្រចំនួន ១គ្រួសារ ព្រមទាំងនាំយកកញ្ចប់អំណោយដ៏ថ្លៃថ្លា និងការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ជូនដល់គ្រួសារជនមានពិការភាពដែលរស់នៅ ភូមិអូរឧកញ៉ាហេង សង្កាត់អូរឧកញ៉ាហេង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ឯកឧត្តម ខុម ផលលឿន នាយកមូលនិធិជនពិការ បានថ្លែងថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលឯកឧត្តមរដ្ឋមន្ត្រីនិងលោកជំទាវ តែងតែចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋជួបការលំបាក តាមរយៈការអនុវត្តគោលនយោបាយនានា សំដៅឱ្យជនមានពិការភាពទទួលបានសេវាស្តារលទ្ធភាពពលកម្ម ជំរុញឱ្យមានការចូលរួមក្នុងសកម្មភាពសង្គម និងទទួលបានការគាំពារនានាផងដែរ។ តាមរយៈកម្មវិធីផ្តល់ផ្ទះ «មូលនិធិជនពិការ» គឺបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះជនមានពិការក្រីក្រ ដោយបានលើកកម្ពស់គុណភាពជីវិតរបស់គ្រួសាររបស់ពួកគាត់ឱ្យទទួលបានសុខុមាលភាពសមរម្យ និងបង្កើនលទ្ធភាពក្នុងការអភិវឌ្ឍជីវភាព។

ផ្ទះ «មូលនិធិជនពិការ» ថ្មី១ខ្នងនេះ មានទំហំ ៤ម៉ែត្រ គុណនឹង ៦ម៉ែត្រ ធ្វើពីថ្មប្រកស័ង្កសីនេះ ត្រូវបានប្រគល់ជូនជនមានពិការភាពក្រីក្រមានឈ្មោះ សាត សម្បត្តិ ភេទប្រុស អាយុ៤៩ឆ្នាំ ជាជនមានពិការភាពខ្សោយអវយវៈក្រោមខាងឆ្វេងដោយសារគ្រោះថ្នាក់ចរាចរណ៍ សព្វថ្ងៃមានសមាជិកក្នុងគ្រួសារ៥នាក់ ជាមួយកូន៤នាក់ ដែលកន្លងមករស់នៅក្នុងផ្ទះចាស់ទ្រុឌទ្រោមបានបាក់រលំ ធ្វើឱ្យគ្រួសារគាត់មិនមានទីជម្រក៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងសង្គមកិច្ច)





