ឯកឧត្តម គួច ចំរើន ជួបពិភាក្សាការងារជាមួយសមាគមដឹកជញ្ជូនធុនធ្ងន់ខេត្តជាំងស៊ូ ប្រទេសចិន
AKP កណ្តាល ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥-- ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក Qiao Jun អនុប្រធានគ្រប់គ្រងទូទៅ និងជាសមាជិកគណៈកម្មាធិការបក្ស ក្រុមហ៊ុន Jiangsu Port Group សមាគមដឹកជញ្ជូនធន់ធ្ងន់ខេត្តជាំងស៊ូ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលបំណងបន្តបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសចិន និងកម្ពុជា ក៏ដូចជាខេត្តកណ្តាល និងខេត្តជាំងស៊ូ ផ្តោតសំខាន់លើវិស័យការងារដឹកជញ្ជូន។

គួររំលឹកដែរថា កិច្ចសហប្រតិបត្តិការខេត្តក្រុងសម្ព័ន្ធមេត្រីភាព សម្រាប់កិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងមិត្តភាពអន្តរជាតិ ខេត្តកណ្តាលធ្លាប់ បានបង្កើតសម្ព័ន្ធមេត្រីភាពជាមួយបណ្តាខេត្ត-ក្រុង នៃប្រទេសចិន ចំនួន០៤ ក្នុងនោះក្នុងនោះរួមមាន នៅក្នុងឆ្នាំ២០១៤ រដ្ឋបាលខេត្តកណ្តាល និងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះ ហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ក្នុងឆ្នាំ២០១៧ រដ្ឋបាលខេត្តកណ្តាល ធ្លាប់មានទំនាក់ទំនងជាមួយខេត្តស៊ីជាំង ធ្លាប់បានផ្លាស់ប្តូរ ដំណើរទស្សនកិច្ចសិក្សាគ្នាទៅវិញទៅមក ប៉ុន្តែ ពុំទាន់បានចុះហត្ថលេខាលើឯកសារណាមួយឡើយ។ រដ្ឋបាលខេត្តកណ្តាលក៏ធ្លាប់មានទំនាក់ទំនងជាមួយទីក្រុង LiuZhou ខេត្តគ័ងស៊ី ប៉ុន្តែមិនបានឈានទៅដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាឡើយ។

រដ្ឋបាលខេត្តកណ្តាល ធ្លាប់មានទំនាក់ទំនង ជាមួយខេត្តអានហួយ មានការជួបសម្តែងការគួរសមនៅសាលាខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





