នេប៉ាល់ទទួលបានថវិកាចំនួន ៩,៤លានដុល្លារអាម៉េរិកពីធនាគារពិភពលោកសម្រាប់ការកាត់បន្ថយការបំភាយឧស្ម័ន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យ បានឱ្យដឹងថា ប្រទេសនេប៉ាល់បានទទួលថវិកាចំនួន ៩,៤លានដុល្លារអាម៉េរិកពីមូលនិធិភាពជាដៃគូកាបូនព្រៃឈើ(FCPF) របស់ធនាគារពិភពលោកសម្រាប់ការកាត់បន្ថយកាបូនឌីអុកស៊ីតប្រមាណ ១,៨៨លានតោននៅក្នុងតំបន់ទេសភាព Terai Arc ។
ធនាគារពិភពលោកបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយកាលពីថ្ងៃអាទិត្យថា នេះគឺជាការទូទាត់លើកដំបូងក្រោមកិច្ចព្រមព្រៀងទូទាត់កាត់បន្ថយការបំភាយឧស្ម័នរបស់មូលនិធិ FCPF ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសនេប៉ាល់ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពីការកាប់បំផ្លាញព្រៃឈើ និងការរិចរិលព្រៃឈើ និងលើកកម្ពស់ការគ្រប់គ្រងព្រៃឈើប្រកបដោយចីរភាព។
លោក ដាវីដ ស៊ីស្លែន (David Sislen) នាយកផ្នែកធនាគារពិភពលោកសម្រាប់ប្រទេសម៉ាល់ឌីវ នេប៉ាល់ និងស្រីលង្កា បានមានប្រសាសន៍ថា «ការទូទាត់ដ៏សំខាន់នេះគឺជាសក្ខីភាពនៃភាពជោគជ័យរបស់ប្រទេសនេប៉ាល់ក្នុងការកាត់បន្ថយការកាប់បំផ្លាញព្រៃឈើ ការពង្រឹងអភិបាលកិច្ចព្រៃឈើ ការបង្កើនការអភិរក្សជីវៈចម្រុះ និងការពង្រីកឱកាសចិញ្ចឹមជីវិតប្រកបដោយចីរភាពសម្រាប់សហគមន៍ក្នុងតំបន់»៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





