ជំនួយការវិមានក្រឹមឡាំង៖ រុស្ស៊ី និងសហរដ្ឋអាមេរិក កំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីដំណើរការសន្តិភាពនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិកកំពុងពិភាក្សាយ៉ាងសកម្មអំពីដំណើរការសន្តិភាពនៅអ៊ុយក្រែន ដោយផ្អែកទៅលើការយោគយល់គ្នាដែលសម្រេចបាននៅទីក្រុង Anchorage ដោយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន(Vladimir Putin) និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ(Donald Trump)។ នេះបើយោងតាមជំនួយការប្រធានាធិបតីរុស្ស៊ី លោកយូរី យូស្សាកូវ (Yuri Ushakov) បាននិយាយកាលពីពេលថ្មីៗនេះ។
លោក យូស្សាកូវ បាននិយាយថា «យើងកំពុងធ្វើកិច្ចពិភាក្សាយ៉ាងសកម្មទៅលើការដោះស្រាយនៅអ៊ុយក្រែន ដោយផ្អែកទៅលើការយោគយល់គ្នាដែលសម្រេចបាននៅក្នុងទីក្រុង Anchorage»។
លោក យូស្សាកូវ បាននិយាយបន្ថែមថា មតិយោបល់ និងសញ្ញាជាច្រើន ស្តីពីអ៊ុយក្រែនកំពុងចេញពីទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា រុស្ស៊ីនឹងបន្តពឹងផ្អែកទៅលើការយោគយល់គ្នាទាំងនោះ។
លោកបានបន្ថែមថា សេចក្តីសម្រេចដែលសម្រេចបាននៅទីក្រុងAnchorage ត្រូវបានបញ្ជូនទៅអ៊ុយក្រែនរួចហើយ។ ទោះជាយ៉ាងណាក៏ដោយ ទីក្រុងគៀវ «មិនពេញចិត្តវាទេ»។ លោក យូស្សាកូវ បាននិយាយថាកិច្ចព្រមព្រៀងទីក្រុង Anchorage ត្រូវបានជំទាស់ដោយអ្នកដែលចង់ឱ្យអរិភាពនៅអ៊ុយក្រែនបន្ត «រហូតដល់ថ្ងៃចុងក្រោយរបស់អ៊ុយក្រែន»។
នៅពេលសួរថា តើសហរដ្ឋអាមេរិកបានដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុង Anchorage ដែរឬទេ? លោក យូស្សាកូវ បាននិយាយថាសហរដ្ឋអាមេរិកមិនបាននិយាយជាផ្លូវការថា កិច្ចព្រមព្រៀងទាំងនោះលែងមានសុពលភាពទៀតហើយ។ លោកក៏បាននិយាយផងដែរថា កិច្ចប្រជុំកំពូលរវាងលោក ពូទីន និងលោក ត្រាំ លើកក្រោយត្រូវបានពន្យារពេល ប៉ុន្តែទំនាក់ទំនងទៅលើបញ្ហានេះកំពុងដំណើរការ។
លោកបាននិយាយថា ប្រសិនបើប្រធានាធិបតីទាំងពីរព្រមព្រៀងទៅលើកិច្ចប្រជុំមួយ ការខ្វែងគំនិតគ្នាខាងបច្ចេកទេស និងនយោបាយជាច្រើននឹងត្រូវរុញច្រានទៅក្រោយ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





