លោក លី ទៅដល់អេមីរ៉ាត់អារ៉ាប់រួមសម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ ដែលផ្តោតទៅលើកិច្ចសហប្រតិបត្តិការការពារជាតិ និងបញ្ញាសិប្បនិម្មិត
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជែម្យុង (Lee Jae Myung) បានទៅដល់ទីក្រុងអាប៊ូដាប៊ី កាលពីថ្ងៃចន្ទ សម្រាប់ដំណើរទស្សនកិច្ចរយៈពេលបីថ្ងៃទៅកាន់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម (UAE) ដែលជាទីចំណតដំបូងនៃដំណើរទស្សនកិច្ចបួនប្រទេសរបស់លោកនៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិក។
យន្តហោះប្រធានាធិបតីរបស់លោក លី ត្រូវបានអមដំណើរដោយយន្តហោះចម្បាំងរបស់កងទ័ពអាកាស UAE ចំនួនបួនគ្រឿង នៅពេលដែលវាបានចូលទៅក្នុងដែនអាកាសរបស់ប្រទេសនេះ ក្នុងពិធីស្វាគមន៍សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក។
នៅថ្ងៃដំបូង លោក លី បានទៅទស្សនាផ្នូររបស់ប្រធានាធិបតីស្ថាបនិកUAE គឺលោក ហ្សាយ៉េដ ប៊ីន ស៊ុលតង់ អាល់ ណាយ៉ាន់ (Zayed bin Sultan Al Nahyan) និងជួបជាមួយប្រជាជនកូរ៉េខាងត្បូងនៅទីនោះ។
នៅថ្ងៃអង្គារនេះ លោកនឹងធ្វើកិច្ចពិភាក្សាកំពូលជាមួយប្រធានាធិបតីUAE លោក ម៉ូហាំម៉េដ ប៊ីន ហ្សាយ៉េដ អាល់ ណាយ៉ាន់ (Mohammed bin Zayed Al Nahyan) និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា រួមទាំងវិស័យបញ្ញាសិប្បនិម្មិត (AI) និងឧស្សាហកម្មការពារជាតិ។
នៅថ្ងៃបន្ទាប់ លោក លី ត្រូវបានគ្រោងនឹងចូលរួមកិច្ចពិភាក្សាតុមូលអាជីវកម្ម ដើម្បីពិភាក្សាអំពីវិធីពង្រឹងកិច្ចសហប្រតិបត្តិការរវាងសហគមន៍អាជីវកម្មរបស់ប្រទេសទាំងពីរ។ លោក លី ជេ-យ៉ុង (Lee Jae-yong)នាយកប្រតិបត្តិក្រុមហ៊ុនអេឡិចត្រូនិចសាំស៊ុង និងលោក គីម ដុង-ក្វាន់ (Kim Dong-kwan) អនុប្រធានក្រុមហ៊ុនហាន់វ៉ា ត្រូវបានគេរាយការណ៍ថានឹងចូលរួមក្នុងកិច្ចពិភាក្សាតុមូលនោះដែរ។
លោកក៏មានគម្រោងទៅទស្សនកិច្ចអង្គភាព Akh ដែលជាកងយោធាកូរ៉េខាងត្បូងដែលឈរជើងនៅ UAE ដើម្បីលើកទឹកចិត្តកងទ័ព។
ដំណើរទស្សនកិច្ចទៅកាន់ UAE នេះ គឺជាការចាប់ផ្តើមនៃដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃរបស់លោកទៅកាន់ប្រទេសចំនួនបួន ដែលនឹងរួមបញ្ចូលទាំងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ជាកន្លែងដែលលោកនឹងចូលរួមកិច្ចប្រជុំកំពូល G20 ក៏ដូចជាដំណើរទស្សនកិច្ចទៅកាន់ប្រទេសអេហ្ស៊ីប និងតួកគី។
នេះជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក លី ទៅកាន់តំបន់មជ្ឈិមបូព៌ា ចាប់តាំងពីលោកឡើងកាន់តំណែងកាលពីខែមិថុនា។ UAE គឺជាប្រទេសមជ្ឈិមបូព៌ាតែមួយគត់ ដែលបានបង្កើតភាពជាដៃគូយុទ្ធសាស្ត្រពិសេសជាមួយកូរ៉េខាងត្បូង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





