ការស្ទង់មតិ៖ វិស័យនាំចេញកំពូលៗរបស់កូរ៉េខាងត្បូងអាចនឹងត្រូវប្រទេសចិនវ៉ាដាច់ក្នុងរយៈពេល ៥ឆ្នាំខាងមុខ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ឧស្សាហកម្មនាំចេញសំខាន់ៗទាំង១០ របស់ប្រទេសកូរ៉េខាងត្បូងអាចនឹងត្រូវក្រុមហ៊ុនរបស់ចិនវ៉ាដាច់ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។ នេះបើយោងតាមការស្ទង់មតិមួយទៅលើក្រុមហ៊ុនក្នុងស្រុកដែលមានការលក់ខ្ពស់បំផុតនៅក្នុងវិស័យទាំងនោះដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ។
ទស្សនវិស័យអាប់អួរ ដែលបានបង្ហាញនៅក្នុងការស្ទង់មតិដោយសហព័ន្ធឧស្សាហកម្មកូរ៉េខាងត្បូង (FKI) នេះ បានឆ្លុះបញ្ចាំងពីសម្ពាធដែលអាជីវកម្មឈានមុខគេរបស់ប្រទេសកូរ៉េខាងត្បូងបច្ចុប្បន្នមានអារម្មណ៍ពីគូប្រជែងចិន ដោយដៃគូប្រកួតប្រជែងមួយចំនួនបានវ៉ាដាច់ពួកគេរួចហើយនៅក្នុងការប្រកួតប្រជែងជាសកល។
ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១.០០០ របស់ប្រទេសនេះ មានក្រុមហ៊ុនចំនួន២០០ បានចូលរួមក្នុងការស្ទង់មតិ។ នៅពេលសួរថា ប្រទេសណាជាដៃគូប្រកួតប្រជែងធំបំផុតរបស់កូរ៉េខាងត្បូងនៅក្នុងទីផ្សារពិភពលោកនាពេលបច្ចុប្បន្ន អ្នកឆ្លើយតប ៦២,៥% បានជ្រើសរើសយកប្រទេសចិន បន្ទាប់មកគឺសហរដ្ឋអាមេរិក ២២,៥% និងជប៉ុន ៩,៥%។នៅពេលសួរថា តើប្រទេសណានឹងក្លាយជាដៃគូប្រកួតប្រជែងធំបំផុតរបស់កូរ៉េខាងត្បូងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ៦៨,៥% បានជ្រើសរើសយកប្រទេសចិន ខណៈដែល ២២% បានជ្រើសរើសសហរដ្ឋអាមេរិក និង ៥% បានជ្រើសរើសប្រទេសជប៉ុន។
ការស្ទង់មតិនេះក៏បានស្នើសុំឱ្យអ្នកឆ្លើយតបប្រៀបធៀបភាពប្រកួតប្រជែងទីផ្សាររួមរបស់ប្រទេសដទៃទៀតជាមួយប្រទេសកូរ៉េខាងត្បូងដែរ ដែលត្រូវបានកំណត់នៅតម្លៃ១០០។ អ្នកឆ្លើយតបបាននិយាយថាបច្ចុប្បន្ន ប្រទេសចិនទទួលបានពិន្ទុ១០២,២ ហើយត្រូវបានគេរំពឹងថានឹងកើនឡើងដល់ពិន្ទុ១១២,៣ នៅត្រឹមឆ្នាំ២០៣០។
ការរកឃើញគួរឱ្យកត់សម្គាល់មួយ គឺថាក្រុមហ៊ុនចិនត្រូវបានគេរំពឹងថានឹងស្ទើរតែស្មើនឹងក្រុមហ៊ុនអាម៉េរិកនៅត្រឹមឆ្នាំ២០៣០។ អ្នកឆ្លើយតបបានវាយតម្លៃសហរដ្ឋអាមេរិកនៅកម្រិតពិន្ទុ១០៧,២ នាពេលបច្ចុប្បន្ន ហើយបានព្យាករណ៍ថាវានឹងកើនឡើងដល់ពិន្ទុ១១២,៩ ដែលស្ទើរតែត្រូវគ្នានឹងកម្រិតដែលប្រទេសចិនត្រូវបានរំពឹងទុក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ កូរ៉េថាមស៍)





