ការជួបជុំគ្នានៅទីក្រុងសូហ្វីយ៉ា និងវ៉ារណា ទាមទារឱ្យមានការផ្តន្ទាទោសប្រកបដោយប្រសិទ្ធភាពចំពោះទង្វើឃោរឃៅលើសត្វ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រជាពលរដ្ឋនៅក្នុងទីក្រុងសូហ្វីយ៉ា និងទីក្រុងវ៉ារណា បានតវ៉ាប្រឆាំងនឹងការរំលោភបំពានលើសត្វកាលពីពេលថ្មីៗនេះ ហើយទាមទារឱ្យមានការផ្តន្ទាទោសប្រកបដោយប្រសិទ្ធភាពចំពោះអ្នកប្រព្រឹត្តទង្វើឃោរឃៅលើសត្វ។
ការតវ៉ាប្រឆាំងនឹងអំពើហិង្សាលើសត្វនេះត្រូវបានធ្វើឡើងនៅខាងក្រៅវិមានយុត្តិធម៌ក្នុងទីក្រុងសូហ្វីយ៉ា។ អ្នករៀបចំការតវ៉ានោះបាននិយាយថា «ជារៀងរាល់ថ្ងៃ សត្វស្លូតត្រង់បានក្លាយជាជនរងគ្រោះនៃការរំលោភបំពាន ហើយយើងជាប្រជាជន គឺជាឱកាសតែមួយគត់របស់ពួកគេសម្រាប់ភាពយុត្តិធម៌»។
អ្នកចូលរួមមួយចំនួនបានរំលឹកឡើងវិញនូវករណីថ្មីៗនៃសត្វឆ្កែមួយក្បាលឈ្មោះ ម៉ាយ៉ា (Maya) ដែលត្រូវបានសម្លាប់នៅក្នុងទីក្រុងសូហ្វីយ៉ា។
ក្រុមអ្នកតវ៉ាបានចាប់ផ្តើមដង្ហែក្បួនដែលបានបញ្ចប់នៅមុខអគារសភាជាតិ ដែលវាបានបង្កឱ្យចរាចរណ៍នៅក្នុងតំបន់នោះត្រូវបានរឹតបន្តឹងមួយរយៈ។ បដាមួយចំនួនត្រូវបានដាក់តាំងបង្ហាញ ដោយអំពាវនាវឱ្យមានការកាត់ទោសប្រកបដោយប្រសិទ្ធភាពចំពោះជនល្មើសនៃអំពើឃោរឃៅលើសត្វ។ ប្រជាពលរដ្ឋបានស្រែកថា «យើងនឹងមិននៅស្ងៀមទេ»។ ក្រុមអ្នកតស៊ូមតិសម្រាប់សិទ្ធិសត្វ បានជំរុញឱ្យសង្គមមិនត្រូវអត់ឱនចំពោះទង្វើឃោរឃៅនោះទេ។
នៅក្នុងទីក្រុងវ៉ារណា ក្រុមអ្នកតវ៉ាបានប្រមូលផ្តុំគ្នាកាន់បដា ដោយជំរុញឱ្យសាធារណជនការពារសត្វដែលមិនចេះនិយាយត្អូញត្អែរ ឬបង្ហាញពីបំណងប្រាថ្នារបស់ពួកគេ។
អ្នករៀបចំសំខាន់នៅពីក្រោយការជួបជុំតវ៉ានេះ គឺសមាគម Zoopatruliដែលមានលោក ស្តេហ្វេន គូដូវ (Stefan Kurdov) ជាប្រធាន ដោយលោកបានរាយការណ៍ថា លើកនេះការមិនពេញចិត្តក៏ទាក់ទងនឹងករណីនៅទីក្រុងសូហ្វីយ៉ា ដែលពាក់ព័ន្ធនឹងករណីសត្វឆ្កែ ម៉ាយ៉ា ដែរ។ លោកបានសង្កត់ធ្ងន់ថា ទង្វើបែបនេះមិនគួរត្រូវបានប្រព្រឹត្តប្រឆាំងនឹងសត្វវង្វេង ឬសត្វចិញ្ចឹមឡើយ។ លោក គូដូវ បាននិយាយថា សមាគម Zoopatruli ក៏កំពុងតស៊ូមតិដើម្បីបង្កើតកម្លាំងប៉ូលិសសួនសត្វនៅក្នុងរចនាសម្ព័ន្ធក្នុងស្រុករបស់ក្រសួងមហាផ្ទៃ ដែលនឹងធានាដល់ការស៊ើបអង្កេត និងបង្ហាញភស្តុតាងនៃឧក្រិដ្ឋកម្មដែលត្រូវបានចោទប្រកាន់ទៅកាន់សេវាអយ្យការ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





