សេចក្តីថ្លែងការណ៍៖ សហរដ្ឋអាមេរិកសាកល្បងគ្រាប់បែកនុយក្លេអ៊ែរ B61-12 ដោយគ្មានក្បាលគ្រាប់
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- យោងតាមសេចក្តីថ្លែងការណ៍មួយពីមន្ទីរពិសោធន៍ជាតិ Sandia របស់ក្រសួងថាមពលសហរដ្ឋអាមេរិកបានឱ្យដឹងថា សហរដ្ឋអាមេរិកបានសាកល្បងគ្រាប់បែកកម្ដៅនុយក្លេអ៊ែរយុទ្ធសាស្ត្រ B61-12 ដោយជោគជ័យដោយគ្មានក្បាលគ្រាប់នុយក្លេអ៊ែរកាលពីក្នុងខែសីហា។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងនៅកន្លែងសាកល្បងមួយក្នុងរដ្ឋណេវ៉ាដា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥។ ក្នុងអំឡុងពេលធ្វើតេស្តនោះ យន្តហោះចម្បាំងជំនាន់ទីប្រាំរបស់អាម៉េរិក F-35 បានបញ្ជូន និងទម្លាក់អាវុធដែលមានក្បាលគ្រាប់នុយក្លេអ៊ែរអសកម្ម។ ការធ្វើតេស្តទាំងនេះត្រូវបានធ្វើឡើងដោយសម្របសម្រួលជាមួយរដ្ឋបាលសន្តិសុខនុយក្លេអ៊ែរជាតិ (NNSA)។
យោងតាមសេចក្តីថ្លែងការណ៍នោះ បានឱ្យដឹងថា ទីភ្នាក់ងារសន្តិសុខនុយក្លេអ៊ែរជាតិបានបញ្ចប់កម្មវិធីមួយដើម្បីពង្រីកអាយុកាលសេវាកម្មរបស់គ្រាប់បែកអាកាសទាំងនោះចំនួន ២០ឆ្នាំកាលពីចុងឆ្នាំ២០២៤៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





