រុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន នឹងបង្កើនបរិមាណដឹកជញ្ជូនឧស្ម័ន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- គម្រោងឧស្ម័នត្រីភាគីដែលពាក់ព័ន្ធនឹងប្រទេសរុស្ស៊ី កាហ្សាក់ស្ថាន និងអ៊ូសបេគីស្ថាន បានបង្ហាញឱ្យឃើញពីភាពជោគជ័យ ហើយបរិមាណដឹកជញ្ជូនឧស្ម័នត្រូវបានគេរំពឹងថានឹងមានការកើនឡើង។ នេះបើយោងតាមប្រធានាធិបតីកាហ្សាក់ស្ថានលោក កាស់ស៊ីម-ចូម៉ាត តូកាយ៉េវ (Kassym-Jomart Tokayev) បាននិយាយក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយនៅទីក្រុងតាស់ស្កិនត៍ ជាកន្លែងដែលលោកបានទៅដល់ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋ។
សេវាសារព័ត៌មានរបស់ប្រធានាធិបតីកាហ្សាក់ស្ថាន បានដកស្រង់សម្តីរបស់លោកដែលបាននិយាយថា «គម្រោងឧស្ម័នរុស្ស៊ី-កាហ្សាក់ស្ថាន-អ៊ូសបេគីស្ថាន កំពុងបង្ហាញលទ្ធផលដ៏រឹងមាំ។ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា យើងមានបំណងបង្កើនបរិមាណដឹកជញ្ជូនឧស្ម័ន។ លើសពីនេះទៀតវាមានសក្តានុពលដ៏សំខាន់សម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យប្រេង និងឧស្សាហកម្មនុយក្លេអ៊ែរ»។
នៅក្នុងខែមិថុនា ឆ្នាំ២០២៣ អ៊ូសបេគីស្ថានបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញឧស្ម័នជាមួយក្រុមហ៊ុន Gazprom ដោយការផ្គត់ផ្គង់ចាប់ផ្តើមនៅក្នុងខែតុលា ឆ្នាំ២០២៥។ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ រដ្ឋាភិបាលរុស្ស៊ីបានរាយការណ៍ថា ក្រុមហ៊ុន Gazprom បន្តបំពេញកិច្ចសន្យារបស់ខ្លួនក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិចំនួន ៧,៧ពាន់លានម៉ែត្រគូបជារៀងរាល់ឆ្នាំដល់អ៊ូសបេគីស្ថាន។ ក្នុងពេលជាមួយគ្នានេះ មានការរំពឹងទុកដ៏សំខាន់សម្រាប់ការបង្កើនការដឹកជញ្ជូនឧស្ម័ន រួមទាំងឧស្ម័នធម្មជាតិរាវ (LNG)៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





