វិមានក្រឹមឡាំង៖ លោកពូទីន និងលោក ណេតាន់យ៉ាហ៊ូ ពិភាក្សាគ្នាអំពីការអភិវឌ្ឍនៅតំបន់ហ្គាហ្សាស្ទ្រីប
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាគ្នាអំពីស្ថានភាពនៅមជ្ឈិមបូព៌ា រួមទាំងការវិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សាក្នុងអំឡុងពេលនៃកិច្ចសន្ទនាតាមទូរស័ព្ទរបស់មេដឹកនាំទាំងពីរ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានវិមានក្រឹមឡាំង។
សេចក្តីថ្លែងការណ៍នោះបាននិយាយថា «ការផ្លាស់ប្តូរទស្សនៈគ្នាយ៉ាងហ្មត់ចត់បានកើតឡើងទាក់ទងនឹងស្ថានភាពនៅតំបន់មជ្ឈិមបូព៌ា រួមទាំងការវិវឌ្ឍនៅក្នុងតំបន់ហ្គាហ្សា នៅក្នុងបរិបទនៃការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះដូរអ្នកជាប់ឃុំឃាំង ស្ថានភាពកិច្ចការជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងបញ្ហាទាក់ទងនឹងការលើកកម្ពស់ស្ថិរភាពបន្ថែមទៀតនៅក្នុងប្រទេសស៊ីរី»។
កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ គណៈប្រតិភូមកពីអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានបន្តកិច្ចចរចាដោយប្រយោល ស្តីពីការដោះស្រាយជម្លោះនៅក្នុងតំបន់ហ្គាហ្សា ដោយមានប្រទេសអេហ្ស៊ីប កាតាសហរដ្ឋអាមេរិក និងតួកគីធ្វើជាអ្នកសម្របសម្រួល។ នៅថ្ងៃទី០៩ ខែតុលាឆ្នាំ២០២៥ ភាគីទាំងអស់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីអនុវត្តដំណាក់កាលដំបូងនៃផែនការសន្តិភាព ដែលបានបង្ហាញពីមុនដោយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump)។កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា បានចូលជាធរមាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





