សិង្ហបុរីស្នើឡើងនូវគោលការណ៍ណែនាំដើម្បីគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិតក្នុងវិស័យហិរញ្ញវត្ថុ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ -- ប្រទេសសិង្ហបុរីបានស្នើឡើងនូវសំណុំនៃគោលការណ៍ណែនាំ ស្តីពីការគ្រប់គ្រងហានិភ័យនៃបញ្ញាសិប្បនិម្មិត (AI) សម្រាប់វិស័យហិរញ្ញវត្ថុ ហើយកំពុងអញ្ជើញភាគីដែលចាប់អារម្មណ៍ឱ្យដាក់ស្នើមតិយោបល់ត្រឹមថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។
នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បាននិយាយថា គោលការណ៍ណែនាំដែលបានស្នើឡើងនេះនឹងអនុវត្តចំពោះស្ថាប័នហិរញ្ញវត្ថុទាំងអស់ និងគូសបញ្ជាក់ពីការរំពឹងទុកនៃការត្រួតពិនិត្យរបស់អាជ្ញាធរ MAS។
អាជ្ញាធរបានកត់សម្គាល់ថា ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រងជាន់ខ្ពស់ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រង និងត្រួតពិនិត្យការគ្រប់គ្រងហានិភ័យ AI។ ការទទួលខុសត្រូវរបស់ពួកគេ រួមមានការបង្កើត និងអនុវត្តក្របខ័ណ្ឌ រចនាសម្ព័ន្ធ គោលនយោបាយ និងដំណើរការដើម្បីគ្រប់គ្រងហានិភ័យទាក់ទងនឹង AI និងលើកកម្ពស់វប្បធម៌ហានិភ័យសមស្របសម្រាប់ការប្រើប្រាស់ AI។
ដើម្បីបង្កើនការត្រួតពិនិត្យ និងការគ្រប់គ្រងហានិភ័យ ស្ថាប័នហិរញ្ញវត្ថុនឹងត្រូវបង្កើតដំណើរការច្បាស់លាស់សម្រាប់កំណត់អត្តសញ្ញាណការប្រើប្រាស់ AI នៅទូទាំងអង្គភាព រក្សាសារពើភ័ណ្ឌ AI ឱ្យបានត្រឹមត្រូវ និងបច្ចុប្បន្នភាព ព្រមទាំងធ្វើការវាយតម្លៃចំពោះសារៈសំខាន់នៃហានិភ័យដែលពិចារណាទៅលើផលប៉ះពាល់ ភាពស្មុគស្មាញ និងការពឹងផ្អែក។ នេះបើយោងតាមអាជ្ញាធរ។
យោងតាមអាជ្ញាធរ បានឱ្យដឹងថា ដើម្បីគ្រប់គ្រងហានិភ័យនៅទូទាំងវដ្តរបស់ AI ស្ថាប័នហិរញ្ញវត្ថុគួរតែរៀបចំផែនការ និងអនុវត្តការគ្រប់គ្រងដ៏រឹងមាំនៅក្នុងវិស័យសំខាន់ៗ ដូចជាការគ្រប់គ្រងទិន្នន័យ ភាពយុត្តិធម៌តម្លាភាព និងភាពអាចពន្យល់បាន ការត្រួតពិនិត្យរបស់មនុស្ស ហានិភ័យភាគីទីបី ការវាយតម្លៃ និងការធ្វើតេស្ត ការត្រួតពិនិត្យ និងការគ្រប់គ្រងការផ្លាស់ប្តូរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





